(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានដាស់តឿនណែនាំដល់មន្រ្តីរាជការក្រោមឱវាទ នៅតាមមន្ទីររាជធានី-ខេត្ត និងតាមការិយាល័យក្រុង-ស្រុក-ខណ្ឌទាំងអស់ ដាច់ខាតមិនត្រូវចាញ់បោកចំពោះការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិខាងក្រៅឱ្យចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្កជាភាពចលាចលក្នុងសង្គមឡើយ។

លោករដ្ឋលេខាធិការថ្លែងបែបនេះ ក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការដ្ឋបាលទូទៅ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងទៅកាន់សិក្ខាកាមប្រមាណ៥០នាក់ លោក ប៉ាក់ សុខុម បានណែនាំថា ក្នុងនាមជាមន្ត្រីមិនត្រូវចាញ់បោកចំពោះការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិខាងក្រៅឱ្យចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្កជាភាពចលាចលក្នុងសង្គមជាដាច់ខាត។

លោក​បន្ត​ថា ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្រ្តី​រាជការ​ស៊ីវិល​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី៣ ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៥ ​នៃ​រដ្ឋសភា ​ដែល​នៅតែ​បន្ត​ចាត់ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស ​ជា​ការងារ​អាទិភាព​ចម្បង​មួយ​ក្នុង​វិស័យ​សាធារណៈ ​ដែល​ជា​គន្លឹះ​ដ៏​ចម្បង​នាំមក​នូវ​ប្រសិទ្ធភាព ​និង​ភាព​ជោគជ័យ​របស់​ស្ថាប័ន ​និង​ប្រទេសជាតិ​។

សូមជម្រាប​ថា ​វគ្គ​បណ្តុះបណ្តាល​ខាងលើ ​បាន​ធ្វើ​ទ្បើង​ក្នុងរយៈពេល៤ថ្ងៃ ​ហើយ​ក្នុង​នោះ​ដែរ ​ក្រុម​សិក្ខាកាម​បាន​ប្ដេជ្ញា​ថា ​នឹង​យកចំណេះ​ដឹង ​និង​បទ​ពិសោធ​ន៍​ល្អ​ៗ ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ​ទៅ​ប្រើប្រាស់ ​និង​ពង្រីក​ការប្រើ​ប្រាស់​អ​ឲ្យបាន​ចំ​គោលដៅ ​ព្រមទាំង​បន្ត​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ​តាមដែល​អាច​ធ្វើ​ទៅ​បាន​សំដៅ​ពង្រឹង ​និង​ពង្រីក​ការយល់​ដឹង​បន្ថែម ​បម្រើ​ឲ្យ​ការជំរុញ​ល្បឿន​ក្នុង​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស ​បម្រើ​ឲ្យ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាជន ​ប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព ​និង​ការ​ជឿ​ទុកចិត្ត​ពី​ប្រជាជន ​ពិសេស​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ​(២០១២​-​២០២០) ​និង​ផែនការ​កំណែទម្រង់​វិស័យ​ទេសចរណ៍ ​(២០១៥​-​២០១៨) ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ប្រមាណ ​៧លាន​នាក់ ​នៅក្នុង​ឆ្នាំ២០២០​៕