​(ភ្នំពេញ)៖ ​លោក ​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​បាន​លើកឡើង​ថា ​ក្នុងរយៈពេល៣០ឆ្នាំ​មកនេះ ​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​ធ្វើ​ទំនើបកម្ម​ខ្លួនឯង​គួរ​ឱ្យ​កត់សំគាល់​។

ថ្លែង​ក្នុង​វេ​ទិ​ការពិភាក្សា​ដែល​រៀបចំឡើង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​នា​ថ្មី​ៗ​នេះ ​លោក​រដ្ឋមន្ត្រី ​ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ  ​បាន​កត់សំគាល់​ថា​ពលរដ្ឋ​កម្ពុជា​ក្នុងរយៈពេល៣០ឆ្នាំ ​បាន​វិវឌ្ឍ​ពី​កសិករ​ក្រ​តោកយ៉ាក ​មក​ជា​អ្នកមាន​ចំណូល​មធ្យម ​និង​កម្រិតខ្ពស់​ដែល​មានចំណេះ​ដឹង​ទូលំទូលាយ ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​លើ​ពិភពលោក​។

លោកបានគូសបញ្ជាក់ថា៖ «មានមូលហេតុសំខាន់ៗចំនួន៣ ដែលជំរុញឱ្យពលដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួនគឺ កត្តាសុខសន្តិភាពនិងស្ថេរភាពនយោបាយក្នុងរយៈពេល៣៨ឆ្នាំ កត្តាកំណើតសេដ្ឋកិច្ចប្រមាណ៧%ជិតរយៈពេល១០ឆ្នាំមកនេះ ហើយកត្តាដែលមិនអាចប្រកែកនោះគឺសេរីភាពសារព័ត៌មានដែលជាសសរស្តមធ្វើឱ្យពលរដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួន»។

លោករដ្ឋមន្ត្រី បានពន្យល់ថា ការពិភាក្សារបស់យុវជននៅថ្ងៃនេះ គឺជាការបង្ហាញពីវឌ្ឍនភាព និងគុណភាពរបស់យុវជននាពេលបច្ចុប្បន្ន ដែលកាលពីសម័យអតីតកាលធ្លាប់យកចុងកាំភ្លើងដោះស្រាយ ការខ្វែងគំនិតគ្នាលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមផ្សេងៗទៀត។

បើ​ទោះបីជា​កម្ពុជា​នៅ​មាន​បញ្ហា​មួយចំនួន​ក្តី ​ប៉ុន្តែ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប ​ហើយ​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​រក​ឧស្សាហ​ភាវូបនីយកម្ម​នៃ​សេដ្ឋកិច្ច​របស់់​ខ្លួន​។

ចំពោះ​កំណើន​សេដ្ឋកិច្ច ​និង​ការ​វិវឌ្ឍ​សង្គម​កម្ពុជា ​អនុប្រធាន​គ្រប់គ្រង ​រូប​បិយ​ប័ណ្ណ​វត្ថុ​អន្តរជាតិ  ​លោក ​Mitsuhiro ​Furusawa ​បាន​អះអាង​ថា ​កម្ពុជា​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ទាំង១០ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​លើ​ពិភពលោក​ក្នុងរយៈពេល២០ឆ្នាំ​មកនេះ ​ហើយ​កម្ពុជា​បាន​ចេញ​យ៉ាង​ឆ្ងាយ​ពី​ភាព​ក្រីក្រ ​និង​ការ​បំផ្លិច​បំផ្លាញ​គ្រប់​វិស័យ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។ ​ការ​លើកឡើង​របស់​លោក ​Mitsuhiro ​Furusawaនេះ ​គឺ​នៅពេល​លោក​បាន​ឡើង​ថ្លែង​ប​ឋ​កថា ​ស្តី​ពី​ដំណើ​វិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​កាលពី​ថ្ងៃទី០៧ ​ខែមិថុនា ​២០១៧​។

អ្នកជំនាញអន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា  កម្ពុជាអាចមានហេតុផលគ្រប់គ្រាន់ចំពោះមោទនភាពនៃកំណើនសេដ្ឋកិច្ចនេះ។ កម្ពុជានឹងនៅតែមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ព្រោះថា ការនាំចេញផ្នែកវាយនភណ្ឌ ភាពរស់រវើកនៃវិស័យអចលនទ្រព្យ និងផ្នែកសំណង់គឺនៅតែជាឆ្កឹងខ្នងនៃកំណើនសេដ្ឋកិច្ច។

ចំពោះ​ភាព​ក្រីក្រ ​លោក​អនុប្រធាន ​រូប​បិយ​បណ្ណ​វត្ថុ​អន្តរជាតិ​រូប​នេះ ​បាន​សង្កត់ធ្ងន់​ថា ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ពី៥០​%​នៃ​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ២០០៥ ​មក​នៅ​ត្រឹម ​១៣.៥ ​% ​ក្នុង​ឆ្នាំ២០១៤​។ ​ហើយ​បច្ចុប្បន្ន​ធនាគារពិភពលោក ​បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា ​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប ​ហើយ​មិនមែន​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ទៀត​នោះ​ទេ​៕