(មណ្ឌលគិរី)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យផ្ទេរសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធការស៊ើបអង្កេតលើបទល្មើសព្រៃឈើយ៉ាងក្តៅគគុក កាលពីពេលកន្លងទៅ ស្ថិតនៅតំបន់អូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ពីសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តមណ្ឌលគិរី បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

មន្រ្តីតុលាការបានបញ្ជាក់ថា «ឥឡូវនេះ សំណុំរឿងមួយនេះ ត្រូវបានក្រសួងយុត្តិធម៌ធ្វើការស្នើឲ្យ លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្តជាសមត្ថ កិច្ចដោយអនុវត្តស្រប តាមកថាខណ្ឌទី២ នៃមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»

បើតាមមន្រ្តីដដែល សំណុំរឿងព្រហម្មទណ្ឌនេះ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា ករណីនៃការបង្រ្កាបបទល្មើសព្រៃឈើរបស់កម្លាំង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅតំបន់អូរហ៊ុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះជនជាតិវៀតណាម ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដកហូតម៉ូតូចំនួន៤គ្រឿង រណាយន្តចំនួន១គ្រឿង រថយន្តប៉ាកុងចំនួន៨គ្រឿង និងឈើចំនួន១៩៧.៥២៤ម៉ែត្រគូប ក្នុងនោះក៏ មានអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ ជាកងកម្លាំងប្រដាប់អាវុធប្រចាំការនៅតំបន់នោះផងដែរ។

ប៉ុន្តែបើតាមប្រភពព័ត៌មានបានទម្លាយថា បើទោះបីសំណុំរឿងព្រហ្មទណ្ឌមួយនេះ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ យ៉ាងណាក្តី នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះមានមន្រ្តីយោធាចំនួន២នាក់ នៅស្រុកកែវសីមា ដែលអាចសង្ស័យជាប់ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ នៅចំណុចអូរហ៊ុចនោះត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី គឺលោក សាន សុភះ ហៅមកសួរនាំ។ លោក សាន សុភះ បានប្រាប់ភ្នាក់ងារ Fresh News ថា «ពិតជាបានកោះហៅមកសាកសួរមែននៅព្រឹកថ្ងៃនេះ»