(ភ្នំពេញ)៖ អ្នករស់នៅលើផ្ទៃបឹងទន្លេសាបក្នុងខេត្តពោធ៌សាត់ បានសុំខ្ចីវេទិកា Fresh News ខ្សឹបបន្តទៅកាន់លោកស្នងការខេត្តពោធ៌សាត់ជួយពិនិត្យមើល មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តម្នាក់ ឈ្មោះ ប៊ុនធឿន ហៅមែ ផង បច្ចុប្បន្នគាត់កំពុងតែអុងអាត់សំបើមណាស់នៅលើផ្ទៃបឹងទន្លេសាប។

អ្នកខ្ចីវេទិកា​​ Fresh News ខ្សឹបដែលពួកគាត់សុទ្ធតែជាអ្នកនេសាទនោះ បានអះអាងថា អោយតែរដូវបិទនេសាទមកដល់ លោក ប៊ុនធឿន បានដើរទូងស្គ វ៉ៃឃ្មោះប្រកូកប្រកាសថា បើអ្នកណាចង់ដាក់របាំងស្បៃមុង ឬដាក់អួននិងធ្វើការនេសាទផ្សេងៗទៀត សូមអោយទាក់ទងទៅគេមុន បើមិនដូច្នេះទេ តែពេលនេសាទនៅក្នុងរដូវហាមឃាត់មិនប្រាប់គេ ពេលគេរកឃើញចាប់បំផ្លាញចោលគ្មានលើកលែងឡើយ ដល់ពេលនោះកុំបាច់ទៅអង្វរសុំអោយសោះ។

អ្នកខ្សឹបបានបន្តថា សំរាប់ឈ្មួញអ្នកនេសាទធំៗ គេមានលុយទិញឧបករណ៏ ស្បៃមុងធ្វើសកម្មភាពនេសាទទ្រុងទ្រាយធំៗ ពួកគេមិនខ្លាចទៅទាក់ទងសមត្ថកិច្ចមុននោះទេ មុននឹងធ្វើសកម្មភាពនេសាទល្មើសច្បាប់ តែសំរាប់អ្នកនេសាទក្រីក្រតូចតាច នេសាទគ្រាន់តែមួយថ្ងៃរស់មួយថ្ងៃ មានលុយឯណាយកទៅបង់អោយ សមត្ថកិច្ចមុននោះ។

ដូច្នេះហើយ មានតែធ្វើសកម្មភាពនេសាទបានត្រីលក់បានលុយ ពេលសមត្ថកិច្ចទៅទាន់បានសុំសំរួលដោះស្រាយភ្លាមៗទៅ ចុះបើសមត្ថកិច្ចគាត់មិនអនុគ្រោះដល់អ្នកនេសាទតូចតាចវាមិនងាប់គ្នាហើយ ព្រោះអ្នកនេសាទតូចតាច ទោះធ្វើសកម្មភាពក៏វាមិនបង្កអោយអន្តរាយដូចថៅកែធំៗនោះដែរ។ថៅកែធំៗគេមានលុយ គេទិញស្បៃមុងដាក់របាំង៥០០មែត្រទៅ១០០០មែត្រ។

ចំណែកអ្នកក្រ យ៉ាងច្រើនដាក់១០០មែត្រ ២០០មែត្រប៉ុណ្ណោះ ទោះល្មើសច្បាប់ក៏វាទ្រង់ទ្រាយតូចដែរ។ ចុងក្រោយ ក្រុមអ្នកនេសាទរស់នៅតាមមាត់បឹងទន្លេសាប ដូចជានៅក្នុងស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ជាដើមនោះ បានស្នើសុំអោយលោកស្នងការខេត្តជួយពិនិត្យមើល សកម្មភាពរបស់លោកប៊ុនធឿន ហៅមែ នៅលើផ្ទៃបឹងទន្លេសាបផង។

តាមពិតដាក់សមត្ថកិច្ចអោយទៅឃ្លាំមើលដើម្បីបង្ក្រាបបទល្មើសនេសាទ តែធាតុពិតទៅយកតែលុយប៉ុណ្ណោះ បើអ្នកណាមិនអោយ ទើបរាយការណ៏ទៅថ្នាក់លើសុំចុះបង្ក្រាប បើអ្នកណាបង់លុយអោយ មានតែផ្ដល់ព័ត៌មានអោយដឹងមុន ពេលថ្នាក់លើ ឬសមត្ថកិច្ចផ្សេងៗទៀតចុះទៅបង្ក្រាប។

ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានដែលប្រជាអ្នកនេសាទរស់នៅលើផ្ទៃបឹងទន្លេសាបសំណូមពរតែប៉ុណ្ណោះ តែរឿងពិតឬ
យ៉ាងណានោះ សូមលោកស្នងការជួយពិនិត្យមើលផងតើដូចប្រជានេសាទគេរាយកាណ៏មែនឬអត់?