(ពោធិ៍សាត់)៖ សមាគមអាចារ្យខ្មែរសាខាខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វង្ស វិមាន ហៅអាចារ្យក្មេង បាននាំយកទៀនព្រះវស្សា សំពត់ចំណាំ និងទេយ្យទានប្រគេន ដល់ព្រះសង្ឃជាលើកទី៩ចំនួន៣៧វត្ត នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមណ្ឌលវប្បធម៌កោះសំពៅមាស ដែលស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្រោមវត្តមានរបស់លោកស្រី ជុក សុផានី អភិបាលរងខេត្តតំណងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក វង្ស វិមាន អនុប្រធាន សមាគមអាចារ្យខ្មែរសាខាខេត្ត បានថ្លែងថា ឆ្នាំនេះជាលើកទី៩ ដែលសាខាសមាគម បានរៀបចំពិធីជាលក្ខណៈ ប្រមូលផ្តុំមួយកន្លែងនៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទបានមកចូលរួមចាប់មគ្គុផល និងបែងចែកទៀនព្រះវស្សា សំពតចំណាំ និងទេយ្យទានដើម្បីវេរប្រគេនដល់ព្រះសង្ឃទាំង៣៧វត្តសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា។

លោក វង្ស វិមាន បានបន្តថា ទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺបានមកពីការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បងប្អូនអាជីវករពុទ្ធបរិស័ទក្នុង ខេត្តក្រៅខេត្ត និងក្រៅប្រទេសជាពិសេសលោក ម៉ៅធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកលោកស្រី ហ៊ុន ចាន់ធី បានចូលរួមទាំងថវិកា និងសម្ភារៈហើយបានធ្វើការបែងចែកទៅតាមវត្តទាំង៣៧ក្នុងនោះ ក្រុងពោធិ៍សាត់២២វត្ត ស្រុកកណ្តៀង៧វត្ត ស្រុកបាកាន២វត្ត ស្រុកភ្នំក្រវាញ២វត្ត ស្រុកក្រគរ២វត្ត និងស្រុកវាលវែង១វត្តដោយក្នុង១វត្តទទួលបានថវិកា១៥ម៉ឺនរៀល ដោយគិតជាមធ្យមចំណាយអស់ថវិកាជាង១លានរៀល។

ក្នុងនាមអ្នកដឹកនាំរៀបចំបានថ្លែងអំណរគុណចំពោះលោក លោកស្រី និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាក្នុងឱកាសបុណ្យចូលព្រះវស្សា សូមបុណ្យកុសលឧទ្ទិសជូនទៅដល់បុព្វការីជន មាតាបិតាញាតិ្តការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខនោះទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា និងសោយសុខកុំបីអាកខាន ព្រមទាំងបានអំពាវនាវសូមឱ្យឆ្នាំក្រោមមកចូលរួមបានកាន់តែច្រើនជាងនេះទៅទៀត។

លោក ស្រី ជុក សុផានី បានសម្តែងនូវការកោតសរសើរចំពោះសមាគមអាចារ្យខ្មែរសាខាខេត្តពោធិ៍សាត់ និងពុទ្ធបរិស័ទ ក្រោមការរៀបចំ ដឹកនាំដោយលោកវង្ស វិមាន ហៅអាចារ្យក្មេង មានទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា រៀបចំឱ្យមានពិធី ប្រគេនទៀន សំពត់ចំណាំនិងបរិក្ខា យ៉ាងសន្ធឹក សន្ធាប់សម្រាប់ប្រគេនដល់ព្រះសង្ឃរហូតទៅដល់៣៧វត្តនៅក្នុងខេត្តជាលក្ខណៈប្រមូលផ្តុំតែមួយកន្លែង ដែលឆ្នាំទៅមិញបានត្រឹមតែ១៩វត្តប៉ុណ្ណោះ។ ជាទូទៅពុទ្ធបរិស័ទដែលមានជំនឿលើវិស័យព្រះពុទ្ធសាសនា តែងតែបានរួមសាមគ្គីគ្នារៀបចំឱ្យមាន ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យផ្សេងៗដែលយើងតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលរំលងឡើយ ព្រះថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារដ្ឋ។

លោកស្រី បានរំលឹកថា រដូវចូលព្រះវស្សា ព្រះសង្ឃគ្រប់វត្តទូទាំងប្រទេសនិយាយរួមដោយឡែកនៅក្នុងខេត្តពោធិ៍សាត់ មិនអាចនិមន្តត្រាច់ចរបាននោះទេ គឺព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ បើព្រះសង្ឃមិនគង់ចាំព្រះវស្សាបានទេនោះ គឺមិនអាចទទួលក្រាលគ្រងអង្គកឋិនទានបានឡើយ ។

លោកស្រីបានជម្រាប ជូនថា ភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រដែលបាននឹងកំពុងបោះជំហាននិងអភិវឌ្ឍន៍តាំងពីទីប្រជុំ រហុតដល់ជនបទនោះ គឺអាស្រ័យសង្គមជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានអ្វីៗនាថ្ងៃនេះ ។

ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណកម្មការគ្រប់វត្ត និងពុទ្ធបរិស័ទទាំងអស់សូមចូលរួមជួយថែរក្សាការពារសមិទ្ធិផលក្នុង ទីវត្តអារាមនិងហេដ្ឋារចនាសម្ព័ន្ធរបស់សង្គមជាតិនៅតាមមូលដ្ឋាន ឱ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយបានឃើញបានដឹងអប់រំពួកគេ ដើរតាមផ្លូវល្អនិងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត និងខាតបង់សម្ភារៈថវិកា៕