(កណ្តាល)៖ លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធគ្រឿងញៀន បានថ្លែងថា រយៈពេល១ឆមាស (៦ខែ) ក្នុងឆ្នាំ២០១៧នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនបានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។

ការបញ្ជាក់យ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០១៧) ក្រោមប្រធាន បទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍ យើងគ្មានគ្រឿងញៀន» ដែលបានរៀបចំធ្វើឡើង នៅក្នុងសាលាអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោក នៃ ចារី អភិបាលរង តំណាង លោក ម៉ៅ ភិរុណ អភិបាលខេត្ដកណ្ដាល និងមានការចូលរួមពីលោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុក-ក្រុងទាំង១១ អធិការស្រុក-ក្រុង ទាំង១១ចំណុះឲ្យខេត្ដកណ្ដាល លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សរួម ទាំងប្រជាពលរដ្ឋជិត៣ពាន់នាក់។

យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងនគរបាលខេត្ដកណ្ដាល និងជាអនុប្រធាន អចិន្រ្ដៃយ៍លេខាធិការដ្ឋាននៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន បានបង្ហាញថា គិតចាប់តាំងពីដើមឆ្នាំ រហូតមកដល់ ខែកក្កដានេះ កម្លាំងនគរបាលជំនាញ បានសហការជាមួយស្រុកបង្រ្កាប មុខសញ្ញាជួញដូរ គ្រឿងញៀន ចំនួន១៨២ករណី ឃាត់ខ្លួនមនុស្ស២៩០នាក់ ចំណែកមុខសញ្ញាដែលនៅសេសសល់ចំនួន៤៧នាក់បានរត់គេចខ្លួន ដោយសមត្ថកិច្ចស្គាល់ អត្ដសញ្ញាណអស់ហើយ។

លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ បានបញ្ជាក់ថា ក្នុងនោះបង្រ្កាបមុខសញ្ញាប្រើប្រាស់ចំនួន៥១ករណី ឃាត់ខ្លួនមនុស្ស១១២នាក់ និងមុខសញ្ញាសេសសល់ចំនួន៤នាក់បានរត់គេចខ្លួន ចាប់តាមដីកាចំនួន២១ករណី ឃាត់ខ្លួនមនុស្ស២១នាក់។

ស្នងការរងនគរបាលខេត្ដកណ្ដាល បានបន្តថា ជាមួយគ្នានោះ កម្លាំងជំនាញបានចុះអប់រំ ដល់ម្ចាស់ទីតាំងអាជីវកម្មរួមមាន៖ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ ផ្ទះសំណាក់ ហាងកាត់សក់ ការដ្ឋានសំណង់ កសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រផលិតជីសេរីរាង្គត្រួតពិនិត្យរក សារធាតុញៀន ចំពោះអ្នកបើកបររថយន្ដតាក់ស៊ី ដឹកទំនិញគ្រប់ប្រភេទបាន ចំនួន៦៥លើក រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន៣នាក់ ហើយតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយអាណាព្យាបាល ដើម្បីឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។

សម្រាប់ភូមិសាស្រ្ដខេត្ដកណ្ដាលមិនមែន ជាមូលដ្ឋាននៃការផលិតគ្រឿងញៀននោះទេ គឺជាកន្លែងដែលបាននិងកំពុងទទួលរងនូវឥទ្ធិពល នៃការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ទាំងក្នុងនិងក្រៅតំបន់ ដោយសារភូមិសាស្រ្ដខេត្ដកណ្ដាល មានវិសាលភាពហុំព័ទ្ធរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដែលបង្កឲ្យមានបញ្ហា ស្មុគស្មាញជាច្រើន ពិសេសក្រុងតាខ្មៅ និងស្រុកមួយចំនួនមានព្រំ ប្រទល់ជាប់និងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនិងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍសង្គម។

ក្នុងនោះ ប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជន តំបន់ងាយរងគ្រោះប្អូនៗ យុវជន-យុវនារី មួយចំនួនបានធ្លាក់ខ្លួន ទៅជាអ្នកញៀននិងប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្មរហូតឈាន ទៅប្រើអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និងហ៊ានប្រព្រឹត្ដបទល្មើសផ្សេងៗ បាត់បង់កិត្ដិយស គ្មានសុភមង្គល និងបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ​លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែន ដែលអាចបង្កមហន្ដរាយ យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋសហគមន៍ និងសង្គមជាតិទាំងមូល។

លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាយើង មិនមែនជាមូលដ្ឋានផលិតគ្រឿងញៀននោះទេ គឺជាទីតាំង កំពុងតែ ទទួលរងឥទ្ធិពលនៃ ការចរាចរណ៍ថ្នាំញៀន ឆ្លងកាត់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ នាំយកទៅកាន់ប្រទេស មួយចំនួនផ្សេងទៀត។ ស្របពេលជាមួយគ្នាដែរ ក្រុមជនសង្គមងងឹត រកស៊ីជួញដូរថ្នាំញៀនឆ្លងដែន ក៏ឆ្លៀតឱកាសចែកចាយ និងជួញដូរថ្នាំញៀន នៅក្នុងប្រទេសកម្ពុជាតែម្ដង។រយៈពេល៦ខែ កម្លាំងជំនាញ បង្រ្កាបបានក្រុមរកស៊ីជួញដូរគ្រឿងញៀន ជាង៤ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ និងរឹបអូសយកទ្រព្យសម្បត្ដិ ដែលបានមកពីការជួញដូរ ថ្នាំញៀនជាច្រើនកន្លែង ដកហូតជាសម្បត្ដិរដ្ឋ។ ដោយឡែក អ្នកសេពគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមន្ទីរអប់រំកែប្រែ ដើម្បីបន្សាបគ្រឿងញៀន។

អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមទៀតថា ឥឡូវនេះរាជរដ្ឋាភិបាល បានសម្រេចសងសង់អគារបន្សាបថ្នាំញៀន មានទីតាំងនៅ តំបន់កែវផុស ដើម្បីជួយសង្រ្គោះ ជនរងគ្រោះដោយសារថ្នាំញៀន ព្រោះទីកន្លែងដែលបង្កើតកន្លងមក បានបំរើសេវាបន្សាបថ្នាំញៀន ដល់អ្នកដែលញៀនថ្នាំមិនទាន់សមប្រកប ទៅតាមការចង់បាននោះឡើយ ទើបរាជរដ្ឋាភិបាលសាងសង់ទីកន្លែងបន្សាបអ្នកញៀន ថ្នាំថ្មីមួយទៀត មានលក្ខណៈធំទូរលាយ។

លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានអំពាវនាវដល់អាណាព្យាបាលមាតាបិតាត្រូវចូលរួមផ្ដល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ករណីកូនចៅរបស់ខ្លួន សេពគ្រឿងញៀនដើម្បី បញ្ជូនខ្លួន ទៅមន្ទីរបន្សាប គ្រឿងញៀន សូមកុំលាក់លាមព័ត៌មានឲ្យសោះព្រោះថា ការធ្វើបែបនេះ គឺមានន័យថា «ជួយសង្រ្គោះកូនចៅឲ្យបានប្រសើរឡើង»។ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានបើពិនិត្យ ឃើញថា មានអ្នកសេពគ្រឿងញៀន ក្នុងភូមិសាស្រ្ដរបស់ខ្លួន សូមរាយការណ៍ទៅ សមត្ថកិច្ចដើម្បីចាត់វិធានការបង្រ្កាបទប់ស្កាត់ ឲ្យទាន់ពេលវេលា៕