(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា EZECOM បានប្រកាសនូវការដាក់ឲ្យមាន​សេវាកម្មថ្មីមួយហៅថា សេវាកម្មប្រឆាំងនឹងការវាយប្រហារ DDoS ដែលក្រុមហ៊ុន ISP ដំបូងគេ ដែលទទួលបានវិញ្ញាបនប័ត្រ ISO និងបាននាំយកប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមសមុទ្រ មកប្រទេសកម្ពុជា ដំបូងគេមួយនេះ បានផ្តល់ជូនសហគ្រាស និងអាជីវកម្មនូវសេវាកម្ម ដែលមានអនុភាព ដើម្បីពង្រឹងសុវត្ថិភាព របស់បណ្តាញអ៊ីនធើណេត ពីការវាយប្រហារ ដែលមានឈ្មោះថា Distributed Denial of Service ឬ DDoS។

DDoS ជាគំរាមកំហែងយ៉ាងខ្លាំង សម្រាប់ប្រតិបត្ដិការអាជីវកម្ម ដែលមានភាពស្មុគ្រស្មាញ ក្នុងរកឃើញ និងទប់ស្កាត់ ហើយប្រភេទ នៃការវាយប្រហារ DDoS មានដូចជា ការវាយប្រហារ លើបណ្តាញអ៊ីនធើណេត ការវាយប្រហារលើកម្មវិធីអ៊ីនធើណេត និងការវាយប្រហារចម្រុះ។ ជាទូទៅ ការវាយប្រហារលើបណ្តាញអ៊ីនធើណេត ត្រូវបានគេស្គាល់ថា ជាការវាយប្រហារ ដោយ ដែលប្រើប្រាស់កុំព្យូទ័រ ដែលឆ្លងមេរោគផ្សេងៗ ដើម្បីរំខាន បណ្តាញអ៊ីនធើណេត ដោយបញ្ជូននូវទិន្នន័យឥតបានការជាច្រើន ដោយការវាយប្រហារនេះ បានទាញយកលទ្ធភាពបញ្ជូនទិន្ននយ័ (Bandwidth) មួយចំនួនធំ ឬទាំងស្រុង ដែលបណ្តាលឲ្យប្រតិបត្តិការទាំងក្នុង និងក្រៅយឺតយ៉ាវ ឬមិនដំណើរការតែម្តង។

ម៉្យាងវិញទៀត ការវាយប្រហារលើកម្មវិធីមានតួនាទីរំខាន​​ ដល់កម្មវិធីអ៊ីនធើណេត ពិសេសលើបណ្តាញគេហទំព័រ ក្នុងគោលបំណង ធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើរការរបស់អ្នកប្រើប្រាស់ធម្មតា។ រីឯការវាយប្រហារចម្រុះ គឺកើតឡើងពីការរួមបញ្ចូលគ្នា រវាងការវាយប្រហារលើបណ្តាញអ៊ីនធើណេត និងការវាយប្រហារលើកម្មវិធី ដែលនឹងមានការកើនឡើងនៅពេលអ្នក ចាប់ផ្តើមជួបប្រទះការវាយប្រហារណាមួយរបស់ DDoS។

ជាមួយនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះ ប្រតិបត្ដិការអាជីវកម្មរបស់អ្នក នឹងមានផលអវិជ្ជមាន ហើយផលិតភាពរបស់អ្នកនឹងត្រូវបានកាត់បន្ថយ ដែលជាហេតុបណ្តាលឲ្យមានការខូចខាត នៃប្រាក់ចំណូល កេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់អតិថិជន។ ជាក់ស្តែង ប្រសិនបើប្រតិបត្ដិការ តាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកថយចុះ និងចំណាយពេលវេលាច្រើនជាងមុន នោះអតិថិជន នឹងមានការអាក់អន់ចិត្ត បន្ទាប់មកអាជីវកម្មរបស់អ្នក នឹងនាំឱ្យមានការខូចខាតនិងបាត់បង់ប្រាក់ចំណេញ។

សេវាកម្មប្រឆាំង DDoS របស់ EZECOM ត្រូវបានរចនាឡើងជាបណ្តុំកម្មវិធីដែលមានអនុភាពខ្ពស់ក្នុង​ការទប់ស្កាត់នូវផលប៉ះពាល់នៃការវាយប្រហាររបស់ DDoS ដើម្បីជួយបងា្ករអាជីវកម្មរបស់អ្នក ពីការខាតបង់នានា។

លោក ឆន សុភ័ក្រ្តា ប្រធានអភិវឌ្ឍន៍ផលិតផលបានឲ្យដឹងថា៖ «បច្ចុប្បន្នការវាយប្រហាររបស់ DDoS កាន់តែច្រើនឡើង ស្មុគស្មាញ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាងពេលមុនៗ ដែលបណ្តាល ឲ្យមានការបាត់បង់នូវប្រាក់ចំណូល អតិថិជន កេរ្តិ៍ឈ្មោះ រួមទាំងកាត់បន្ថយលទ្ធភាពសេវាកម្ម។ សេវាកម្មប្រឆាំង DDoS របស់យើងបានផ្តល់នូវការការពារច្រើនស្រទាប់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការទប់ស្កាត់ ពីការគំរាមកំហែងរបស់ DDoS កម្រិតខ្ពស់ ហើយសេវាកម្មនេះ បានបំពាក់បច្ចេកទេសទំនើប ពីមន្ទីរពិសោធន៍ស្រាវជ្រាវមួយ ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ និងមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការការពារធនាគារ វិស័យទូរគមនាគមន៍ ក្រុមហ៊ុនហ្គេមកំសាន្ត និងប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗក្នុងពិភពលោក។ វាប្រើប្រាស់ការច្នៃប្រឌិតថ្មី ជាមួយវិធីសាស្រ្តពហុដំណាក់កាល​ សម្រាប់ការត្រួតពិនិត្យ ការរកឃើញ និងការទប់ស្កាត់ DDoS ដើម្បីធានាឲ្យបាននូវចរាចរណ៍ទិន្នន័យ សម្រាប់បណ្តាញ និងកម្មវិធីរបស់អ្នក»

លោកបន្ដថា «តាមរយៈការដាក់បញ្ចូលរវាងមជ្ឈមណ្ឌលទប់ស្កាត់ក្នុងប្រទេសដែលមានសមត្ថភាព ៤Gbps (អាចតម្លើងតាមតម្រូវការ) និងមជ្ឈមណ្ឌលទប់ស្កាត់ទូទាំងពិភពលោកដែលមានសមត្ថភាពទប់ស្កាត់រហូតដល់ ២Tbps រួមផ្សំជាមួយនឹងភ្នាក់ងារទប់ស្កាត់ការវាយប្រហារជាសកល ដែលធ្វើការដោយស្វ័យប្រវត្តិក្នុងការកម្ចាត់ DDoS គ្រប់ទំហំ គ្រប់ពេលវេលាយើងអាចធានាបាននូវដំណើរការយ៉ាងរលូននៃបណ្តាញអ៊ីនធើណេតរបស់អតិថិជនរបស់យើងក្នុងអំឡុងពេលនៃការវាយប្រហាររបស់ DDoS។“វាក៏ជាការរួមបញ្ចូលនូវការការពារដល់សន្តិសុខ លើបណ្តាញអ៊ីនធើណេត កម្មវិធីប្រតិបត្តិការ និងធនធានលើបណ្តាញអ៊ីនធឺណិតផ្សេងៗទៀត។ យើងមានក្រុមអ្នកជំនាញដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសេវាអតិថិជន ២៤/៧ ផងដែរ»

សម្រាប់ព័ត៌មានបន្ថែម អំពីសេវាកម្ម សូមទំនាក់ទំនង [email protected] ឬចូលទៅកាន់គេហទំព័រ www.ezecom.com.kh/ddos-mitigation-service៕