(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំ គណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា ចំនួន២ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចនេះ ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃនេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសមជាមួយ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា និងជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ផងដែរ។

ក្រសួងការបរទេស ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយមានទំនាក់ទំនងប្រវត្តិសាស្រ្តយូរអង្វែង និងប្រពៃណីស្រដៀងគ្នា រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកទេសរដ្ឋមន្រ្តី មានគោលបំណង ពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរិះរក យន្តការថ្មីទៀត ក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរផងដែរ៕