(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម លោក អង្គ វង្ស វឌ្ឍនា បានមើលឃើញថា ការបំពេញ ការងាររបស់ប្រធានសាលាដំបូងនៅទូទាំងប្រទេសនៅមានចន្លោះប្រហោងមួយចំនួននៅឡើយ ដែលទាមទារឲ្យមានការយកចិត្ត ទុកដាក់បន្ថែម ហើយត្រូវបំពេញការងារឲ្យបានត្រឹមត្រូវ និងគោរពក្រមសីលធម៌របស់តុលាការ ដើម្បីបង្កើនការជឿជាក់ជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងដូច្នេះនៅក្នុងសិក្ខាសាលាមួយស្តីអំពី «តួនាទី-ភារកិច្ចរបស់ប្រធានសាលាដំបូង និងបញ្ហាប្រឈម» នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ នាសណ្ឋាគារសាន់វ៉េ ដែលបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមសហការពីការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលហៅកាត់ថា (OHCHR) ផងដែរ។

លោក អង្គ វង្ស វឌ្ឍនា បានគូសបញ្ជាក់ថា ភារកិច្ចរបស់ប្រធានសាលាដំបូងមិនមានបទដ្ឋានណា ដែលបានចងក្រងឲ្យបានច្បាស់លាស់ ទុកជាគំរូនោះឡើយ ប៉ុន្តែតួនាទីភារកិច្ចរបស់ប្រធានសាលាដំបូង គឺជាយន្តការសំខាន់បំផុត ជាកត្តាមូលដ្ឋានក្នុងការអភិវឌ្ឍសាលាដំបូង ឲ្យមានការរីកចម្រើនទាំងខាងធនធានមនុស្ស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារឲ្យប្រធានសាលាដំបូងម្នាក់ៗ ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចឲ្យបានសកម្ម និងឲ្យបានពេញលេញទៅតាមបទដ្ឋានមួយច្បាស់លាស់ ទើបអាចធានាបាននូវការអភិវឌ្ឍប្រកបដោយ និរន្តរភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា តួនាទីភារកិច្ចរបស់ប្រធានសាលាដំបូង គឺជាកត្តាគន្លឹះជាមូលដ្ឋានក្នុងការដឹកនាំគ្រប់គ្រងសាលាដំបូង ឲ្យទៅជាសលាជម្រះក្តីដែលធ្វើឲ្យមានជំនឿទុកចិត្តពីសាធារណជនលើតុលាការ មានការគោរពពីសាធារណជនចំពោះតុលាការ និងមានការការពារកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ចៅក្រមទោះស្ថិតជាលក្ខណៈបុគ្គលក្តី ឬ ក៏ស្ថាប័នក្តី។

លោកបានថ្លែងយ៉ាងដូច្នេះ «លោក លោកស្រី ប្រធានសាលាដំបូងត្រូវតែបំពេញនូវតួនាទី និងភារកិច្ចឲ្យបានពេញលេញ និងឲ្យបានល្អប្រសើរក្នុងនាមជាអ្នកដឹកនាំ ដែលប្រកបដោយគុណធម៌ខ្ពស់»

លោក អង្គ វង្ស វឌ្ឍនា ក៏បានទទួលស្គាលដែរថា ការអនុវត្តរបស់តុលាការនាពេលកន្លងមក មិនទាន់បានគ្រប់ជ្រុងជ្រោយហើយក៏មាន ការរិះគន់ ពីមជ្ឈដ្ឋានមួយចំនួនផងដែរ ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើខ្លួនបន្ថែមទៀតនោះ ត្រូវតែខិតខំធ្វើ យ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវ និងតាមក្រមសីលធម៌របស់តុលាការ៕