(បាត់ដំបង)៖ បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំការ បានកិនមីនតោន កប់ក្នុងដីសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅចំណុចអន្លង់ឈើទាល (ក្បែរភ្នំស្អាងនំ) ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ ជនរងគ្រោះត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗផងដែរ ក្រោយកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង នៀម អាយុ៣៥ឆ្នាំ រស់ភូមិព្រៃទទឹង ឃុំឆ្នាល៉មាន់ ស្រុកគាស់ក្រឡ បានបើកត្រាក់ទ័រភ្ជួរដីចំការ ស្រាប់តែបើកកិនចំមីនតោន កប់ក្នុងដីសល់ពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះដាច់កង់ទាំង២ និងខូចមួយកំណាត់មុខទាំងស្រុង ឯអ្នកបើកបរបានរងរបួសធ្ងន់ លើផ្ទៃមុខ។ ភ្លាមៗនោះត្រូវបានសមត្ថកិច្ច និងសាច់ញាតិ ដឹកយកមកសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃរបស់ CMAC កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនអន្តរជាតិទាំងឡាយ កម្ពុជា បានបោសសម្អាតផ្ទៃដីប្រមាណតែជាង ១,៤០០គីឡូម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត ៤លានគ្រាប់ ក្នុងនោះ CMAC បោសសម្អាតផ្ទៃដីជាង ៨៥៨គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត ៣លានគ្រាប់ផងដែរ។ តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទាំងអស់បានឲ្យដឹងថា កម្ពុជា នៅសល់ផ្ទៃដីមានមីនជិត ២,០០០គីឡូម៉ែត្រក្រឡាទៀត ទើបបោសសម្អាតមីនអស់ទាំងស្រុង៕