(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទងចាប់ខ្លួនក្រោយមានពាក្យ បណ្ដឹងថា បុរសនេះបានគំរាមបាញ់ សម្លាប់ ម្ដាយក្មេក ​និងប្រពន្ធ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត។

មន្ដ្រីនគរបាលបញ្ជាក់ថា ហេតុការណ៍គំរាមបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេកនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី០៦ ខែកក្កដា ម្សិលមិញនេះ។ មន្ដ្រីដដែល​ឲ្យដឹងថា ជនសង្ស័យដែលឈ្មោះ សោម សច្ចា អាយុ៣៨​ឆ្នាំ រស់ភូមិចំបក់ ឃុំវល្លស ស្រុកសំរោងទង បាន​គំរាមបាញ់ម្តាយក្មេង និងប្រពន្ធ។

ក្រោយការឃាត់ខ្លួនកម្លាំងជំនាញ ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានទៅឆេកឆែផ្ទះ របស់ជនសង្ស័យ ​រកឃើញកាំភ្លើងកែច្នៃចំនួន០២ដើម គ្រាប់AK 43គ្រាប់, គ្រាប់កាំភ្លើងខ្លី13គ្រាប់, បង់កាំភ្លើងខ្លីប្រភេទ K59 និងស្រោម ០១សម្រាប់។​

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរបន្ថែម ចាត់ការតាមនីតិវិធី៕