(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោកស្រី អាភីរ៉ាឌី ថាតត្រាផន រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកសំណើចំនួនពីរចំណុចពាក់ព័ន្ធសម្រួលការនាំចូលពោតពីកម្ពុជា ទៅថៃ និងការនាំទំនិញឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣។

ក្រៅពីការដាក់សំណើរទាំងពីរនេះ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ចំពោះការចូលជាធរមាននៅពេលខាងមុខនូវច្បាប់ពន្ធគយថ្មីរបស់ថៃ ដែលបង្អាក់ដល់ការដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោកទៅប្រទេសទីបី នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

ឆ្លើយតបសំណើ និងកង្វល់របស់កម្ពុជានេះ លោកស្រី អាភីរ៉ាឌី ថាតត្រាផន មិនទាន់បានឆ្លើយតបនៅឡើយទេ ដោយសូមឲ្យខ្លួនយកបញ្ហានេះទៅជជែក និងពិភាក្សាជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ខ្លួន ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយ។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងលោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្មថៃនាព្រឹកមិញនេះ ក៏បានពិគ្រោះយោបល់លើការរៀបចំវេទិកាកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម-ថៃ (CLMVT Forum) នៅឆ្នាំ២០១៧នេះផងដែរ។ នៅក្នុងកិច្ចពិគ្រោះយោបល់នាព្រឹកមិញនេះ ភាគីទាំងពីរបានឯកភាពពន្យារពេលការរៀបចំវេទិកានេះទៅដើមឆ្នាំ២០១៨ វិញ ដោយហេតុថា ក្រសួងពាណិជ្ជកម្មកម្ពុជា មានកម្មវិធីមមាញឹកនៅក្នុងឆ្នាំនេះ ធ្វើឲ្យមិនអាចរៀបចំកិច្ចប្រជុំ CLMVT Forum នេះបាន។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានលើកទ្បើងអំពីកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការពាណិជ្ជកម្មចំរុះកម្ពុជា-ថៃ ដែលបានប្រារព្វធ្វើទ្បើងនៅខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដែលនៅក្នុងនោះ កិច្ចប្រជុំនេះបានបញ្ចប់ត្រឹមកម្រិតថ្នាក់បច្ចេកទេសតែប៉ុណ្ណោះ ហើយមិនទាន់បានអនុម័តក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីនៅឡើយទេ។

លោករដ្ឋមន្រ្តី បានស្នើភាគីថៃ រៀបចំកិច្ចប្រជុំ 6th JTC ថ្នាក់រដ្ឋមន្រ្តីនៅបន្ទាប់ពីកិច្ចប្រជុំ CLMVT Forum នាឆ្នាំ២០១៨ ដើម្បីអនុម័តទៅលើរបាយការណ៍កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) និង កំណត់ហេតុសង្ខេបនៃកិច្ចប្រជុំ 6th JTC។

តបតាមសំណើររបស់កម្ពុជា ភាគីថៃ ក៏បានឯកភាពក្នុងការជួយរៀបចំ និងសម្របសម្រួលទស្សនកិច្ចសិក្សា ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ធកម្ពុជា បានស្វែងយល់ និងទទួលបទពិសោធន៍ និងយន្តការចាំបាច់ទាក់ទងនឹងដំណើរការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យម្ហូប HALAL ផងដែរ៕