(កំពង់ធំ)​៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាយ៉ាងតឹងរឹង ឲ្យកម្លាំងនគរបាលក្រោមឱវាទ ត្រូវបែងចែកវេនប្រចាំនៅតាមប៉ុស្ដិ៍ ឲ្យបានគ្រប់២៤ម៉ោង ដើម្បីងាយក្នុងជួយសង្គ្រោះពលរដ្ឋ នៅពេលមានបញ្ហារឿងកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកឧត្តមសេនីយ៍ត្រីស្នងការបន្ថែមថា ត្រូវដាក់កម្លាំងត្រួតពិនិត្យកន្លែងងាយរងគ្រោះ ដូចជា កន្លែងលក់មាស កន្លែងដូរលុយ វេរលុយ នៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់ពេលវេលា ​ត្រូវតាមដានពង្រឹងគ្រប់គ្រងបទល្មើសគ្រឿងញៀន បទល្មើសផ្សេងៗ និងត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់ អ្នកផ្លាស់ប្តូទីលំនៅរបស់ប្រជាពលរដ្ឋ។

ថ្លែងបញ្ជាបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ​ក្នុងឱកាស​ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប្រមាណ២០៤នាក់​។

លោកស្នងការ បានជម្រុញ​ឲ្យមន្ដ្រីប៉ុស្តិ៍ទាំងអស់ ត្រូវពន្លឿនក្នុងការធ្វើសៀវភៅ ​ក៤​, ​ក២​ និង​អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ហើយត្រូវ​ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ខិតខំធ្វើអំពើល្អ ធ្វើជាគំរូល្អដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ហើយនាយប៉ុស្តិ៍ទាំងអស់ ត្រូវស្រង់ឈ្មោះមន្ត្រីនគរបាលដែលមានជីវភាពក្រីក្រ ដើម្បីចុះសួរសុខទុក និងលើកទឹកចិត្ត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានថ្លែងអំណរគុណដល់មន្ត្រីនគរបាលទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្តការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កន្លងទៅថ្មីៗនេះ។ បើទោះបីសន្តិសុខមានភាពល្អប្រសើរ ក៏ដោយកម្លាំងទាំងអស់ ត្រូវសហការ​រួមកម្លាំងសាមគ្គីក្នុងអង្គភាពឲ្យបានល្អប្រសើរ មិនត្រូវប្រកាន់បក្សពួក ត្រូវហ៊ានថាហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ត្រូវបញ្ឈប់ការលាបពណ៌គ្នា ត្រូវពង្រឹងបែងចែកតួនាទីភារកិច្ចរបស់ខ្លួន ត្រូវរួមគ្នាគិតរួមគ្នាធ្វើ ទៅតាមផែនរៀងខ្លួន។

ចុងក្រោយលោកស្នងការ បានឲ្យខាងការិយាល័យបុគ្គលិក ត្រូវធ្វើបញ្ជីឈ្មោះមន្ត្រី ដែលត្រូវដល់វេនឡើងឋានន្តរសក្តិជូន ដោយមិនមានការសូកប៉ាន់ឡើយ ហើយលោកនឹងពន្លឿនការឡើងសក្តិ ជូនមន្ត្រីជិតចូលនិវត្តន៍ឲ្យបានឆាប់ ដើម្បីធ្វើការលើកទឹកចិត្តមុនចូលនិវត្តន៍៕