(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ២រូបគឺ លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីចុះទៅត្រួតពិនិត្យក្នុងវត្តចំនួន៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ជាបន្តបន្ទាប់ និងសម្រង់ស្ថិតិព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងទាំងការចាកចេញ និងទាំងការចូល រួមនិងរក្សាបាននូវសន្តិសុខសវត្ថិភាពផ្សេងៗ តាមវត្តអារាមនីមួយៗ ដែលអាចកើតមានភាពមិនប្រក្រតីឡើង ជាយថាហេតុ ក្រោយពីទទួលបានសំណើពី ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះនាម សុវណ្ណជោត ខឹម សម្បត្តិ និងជាព្រះចៅអធិការវត្តញាណរង្សី។

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យលើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពតាមវត្តអារាម និងសម្រង់ស្ថិតិ ព្រះសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋនេះដែរ ត្រូវបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តញាណរង្សី នាសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ព្រមទាំងបន្តចុះជាបន្តបន្ទាប់ទៀត ទៅត្រួតពិនិត្យវត្តទួលសន្តិវ័ន «ហៅវត្តទួល» ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ វត្តពោធិ៍វង្ស «ហៅវត្តកោះអណ្ដែត» ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ វត្តឧត្តរាវតី ស្ថិតក្នុងសង្កាត់ឫស្សីកែវ វត្តទួលសុវណ្ណរ៉ាម «ហៅវត្តទួលសង្កែ» ដោយមានការចូលរួមពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក ពេញ ពន្លក និងលោក តាន់ សុភ័ក្រ មន្ត្រីសាលាខណ្ឌ រួមជាមួយកងកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍ អាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ផងដែរ។

ក្នុងសកម្មភាពខាងលើនេះ លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ បានលើកឡើងដូចៗគ្នាថា បន្ទាប់ពីទទួលបានសំណើពីព្រះតេជគុណ ព្រះ សុវណ្ណជោត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាចៅអធិការវត្តញាណរង្សី ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយសហការចុះត្រួតពិនិត្យសម្រង់ស្ថិតិ លើព្រះសង្ស យាយជី តាជី ព្រះសក់ លើការស្នាក់អាស្រ័យ ទាំងការចាកចេញ និងទាំងការចូលវិញ ដើម្បីធានាបាននូវការគ្រប់គ្រងល្អ ក៏ដូចជារក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពផ្សេងៗ អាចកើតមានឡើងជាយថាហេតុ ដែលបង្កឡើងដោយជនឈ្លាតឱកាសមួយចំនួន មុនរដូវចូលវស្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ៕