(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ដែលគាត់បាន​ចតទុកនៅមុខផ្ទះ ស្ថិតនៅក្នុងបុរី «លឹម ឈាងហាក់» សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបន្ទាប់ពីបាត់ភ្លាមៗ គាត់បានទៅដាក់ពាក្យបណ្ដឹង សុំការអន្តរាគមន៍ពីនគរបាលប៉ុស្ដិ៍ ប៉ុន្តែខណៈ​នោះគាត់បានសង្កេតឃើញថា មន្ដ្រីនគរបាលហាក់មានភាពព្រងើយកន្តើយ ​មិន​ចង់ជួយស្វែងរក​ទាល់តែសោះ។

គិតរហូតមកទល់​ពេលនេះ រថយន្ដ​ជនរងគ្រោះ​ត្រូវបានចោរ លួចយកទៅអស់រយៈពេល២ថ្ងៃ​​មកហើយ នៅតែ​គ្មានដំណឹងដដែល ទើបពេលនេះពួកគាត់​ទទូចស្នើសុំ​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ស្រាវជ្រាវរករថយន្តរបស់គាត់ ដែលត្រូវចោរលួចនេះមកវិញផង។

បុរសជាម្ចាស់រថយន្ត បាន​ឲ្យដឹថាគាត់​ឈ្មោះ សុខ សែត អាយុ៣០ឆ្នាំរស់នៅ ក្នុងបុរី «លឹម ឈាងហាក់» ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តរបស់គាត់ ដែលត្រូវ​ចោរលួចយកទៅបាត់នោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ2M-0822។ ហេតុការណ៍នេះ កើតឡើងនៅយប់​ថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០១៧ ដោយគាត់បានទុករថយន្ត នៅ​មុខ​ផ្ទះរបស់គាត់។

ជនរងគ្រោះបញ្ជាក់ថា ក្រោយពេលទុករថយន្តរួចខ្លួន និងក្រុមគ្រួសារបាន​នាំគ្នាចូលដេក បន្ទាប់មក​ក្រុមចោរបានចូលទៅធ្វើសកម្មភាពលួចយករថយន្ត ហើយគាត់បានឃើញដែរ ប៉ុន្តែមិនអាចចេញពីក្នុងផ្ទះបានឡើយ ព្រោះចោរបានយកខ្សែចងទ្វារផ្ទះគាត់ពីខាងក្រៅជាប់ ហើយគាត់បានតេទៅបងប្អូនឲ្យជួយ ប៉ុន្តែមិនមាននរណាទៅទាន់ទេ។

ក្រោយមកគាត់អាចចេញក្នុងផ្ទះបាន ​ប៉ុន្តែតាមមិនទាន់សោះ ទើបគាត់បានធ្វើដំណើរទៅ ប៉ុស្តិ៍នគរបាលចោមចៅ​ភ្លាមៗ ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យជួយអន្តរាគមន៍ ប៉ុន្តែនគរបាល​ហាក់មានការព្រងើយកន្តើយ មិនបានជួយ​ដេញតាមឡើយ និងបានប្រាប់ឲ្យគាត់ ចាំព្រឹកចាំមកដាក់ពាក្យបណ្ដឹងទៅវិញ។

ទង្វើបែបនេះ ពិ​តជាបានធ្វើ​ឲ្យគាត់ខកចិត្ត និងអស់ជំនឿយ៉ាងខ្លាំង​ទៅលើមន្ដ្រីនគរបាលប៉ុស្តិ៍ចោមចៅម ហើយគិតរហូតមកដល់ពេលនេះ ទោះបីមានរយៈ​ពេល២ថ្ងៃ​ក្ដី ក៏គាត់នៅតែទទូចសុំឲ្យមន្ដ្រីន​គរបាល មេត្តាជួយស្រាវជ្រាវរករថយន្ត​នេះមកវិញផង៕