(ភ្នំពេញ)៖ លោក កែវ ស៊ីថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវបានបុគ្គលិក ទទួលភ្ញៀវពីលើយន្តហោះម្នាក់​ ទាញកាំបិតប៉័ងតោ កាប់នៅក្នុងព្រលានយន្តហោះ បណ្តាលឲ្យរងរបួសធ្ងន់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ខណៈជនរងគ្រោះ កំពុងរង់ចាំទទួលសាច់ញាតិរបស់ចៅហ្វាយនាយ ពីបរទេស។

ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺជនបង្កជាមនុស្សមានសតិមិនគ្រប់ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខព្រលានយន្តហោះ និងកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ បញ្ជូនទៅសួរនាំនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា ជនបង្កមានឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវចុះពីយន្ថហោះ បច្ចុប្បន្នផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជាមួយគ្នានេះ បើតាមសមត្ថកិច្ច ឈ្មោះកែវ ភារម្យ ដែលជាជនដៃដល់រូបនេះ គឺធ្វើការនៅក្រុមហ៊ុន រ៉ូយាល់ ខេមបូឌា លីមូសុិន សេកវីស ដែលមានឪពុកឈ្មោះ កែវ សារ៉ង ជាឧត្តមសេនីយ៍យោធា និងម្តាយឈ្មោះ អុឹង សគុន្ធថាវរី។

បើតាមមន្រ្តីនគរបាល នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរមកមុខស្ដានីយ៍អ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ត្រូវបានជនបង្កយកកាំបិតប៉័ងតោ មកកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ហើយជនរងគ្រោះបានស្រែកឲ្យគេជួយ រួចហើយក៏ត្រូវបានកម្លាំងសន្តិសុខ និងនគរបាលឃាត់ខ្លួនភ្លាមៗនៅកន្លែង កើតហេតុតែម្ដង។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយការសួរនាំទៅ ជនបង្កមានបញ្ហាផ្នែកខួរក្បាលម្តងៗ រហូតទៅទាញកាំបិត កាប់ជនរងគ្រោះតែម្តង។ បើជនបង្កមានសតិមិនគ្រប់បែបនេះ ហេតុអ្វីខាងព្រលានយន្តហោះ ជ្រើសរើសទៅធ្វើជាបុគ្គលិកយ៉ាងដូច្នេះ នេះមិនបានញកាប់ភ្ញៀវផ្សេងទៀត បើដេញកាប់នោះច្សាស់ជាមានរឿងធំជាមិនខាន៕