(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញមកអះអាងថា គ្មានជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី អតីតមេបក្សសង្រ្គោះជាតិ នៅប្រទេសអេស្ប៉ាញ ដូចក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគ និងចេញផ្សាយតាមបណ្តាញព័ត៌មាននានានោះឡើយ។

តាមរយៈលិខិតបដិសេធដែលទទួលបានមុននេះបន្តិច ខុទ្ទកាល័យសម្តេច ស ខេង បានចាត់ទុកការផ្សព្វផ្សាយ និងការវិភាគនេះថា ជាការមូលបង្កាច់ការពិត ក្នុងន័យបំភ័ន្តសាធារណមតិ ញុះញង់បំបែកបំបាក់សាមគ្គីជាតិ មានចេតនាទុច្ចរិត ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ក្រុម និងបក្ខពួកខ្លួន។

បើទោះបីជាយ៉ាងណានៅក្នុងបណ្តាញព័ត៌មានទាំងនោះ គេមិនបង្ហាញអត្តសញ្ញាណអ្នកវិភាគរូបណា ដែលបានវិភាគទៅលើបញ្ហានេះនោះទេ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានចាកចេញពីកម្ពុជាកាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចូលរួមវេទិកាលំដាប់ពិភពលោកមួយនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកា CRANS MONTANA នឹងប្រព្រឹត្តចាប់ពីថ្ងៃទី០៥-០៨ ខែកក្កដា។

វេទិកា CRANS MONTANA គឺជាវេទិកាជួបប្រជុំដ៏សំខាន់មួយ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តី សមាជិកសភា ធុរកិច្ចជន និងអង្គការអន្តរជាតិជាច្រើនមកពីជុំវិញពិភពលោក ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការជាសកលលើវិស័យសេដ្ឋកិច្ច ជាមួយប្រទេសដែលមានសក្តានុពលទីផ្សារ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្រ្វិក និងមេឌីទែរ៉ាណេ៕