(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់ជប៉ុន នឹងបង្កើតរោងចក្រកែច្នៃឈើដោយកៀបចេញពីកម្ទេចឈើ សំបកដូង និងរុក្ខជាតិនៅក្នុងខេត្តព្រះសីហនុ នាពេលឆាប់ខាងមុខនេះ ដើម្បីនាំចេញទៅប្រទេសជប៉ុន។

ការបង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃឈើនៅកម្ពុជានេះ បានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងអ្នកវិនិយោគ​ជប៉ុន ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកឧកញ៉ា ហ្សាក់គី សែចិន ដែលជាអ្នកដឹកនាំវិនិយោគចិនចូលទៅជួបលោករដ្ឋមន្រ្តីពាណិជ្ជកម្មនារសៀលថ្ងៃនេះ បានថ្លែងថា សម្រាប់ដុតនៅក្នុងរោងចក្រអគ្គីសនី Biomass។ បើតាមលោក ហ្សាក់គី សែចិន បានឲ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុន កំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់នៅពេលខាងមុខ។  

លោករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណ ដល់លោកឧកញ៉ា និងក្រុមវិនិយោគិនជប៉ុន ចំពោះការបង្កើតរោងចក្រនេះឡើង ដែលជាការជួយបង្កើនការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា។ លោករដ្ឋមន្រ្តី បានហៅគំនិតបង្កើតរោងចក្រនេះ គឺជាគំនិតដ៏ល្អមួយ ព្រោះកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើន ដែលមិនបានយកមកប្រើប្រាស់ឲ្យមានប្រយោជន៍។

លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមហ៊ុនសិក្សាពីការដាំចម្ការដើមឈើ ដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកប​ដោយចេរភាព៕