(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំអ្នកវិនិយោគចិន និងជប៉ុន ចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ហ្សាក់គី សែចិន បានថ្លែងថា កៅស៊ូដែលក្រុមហ៊ុនចិនក្នុងខេត្តសានស៊ី បានព្រមព្រៀងប្រមូលទិញពីកម្ពុជា ៣០ម៉ឺនតោនក្នុងមួយឆ្នាំនោះ នឹងចាប់ផ្តើមប្រមូលទិញនៅចុងឆ្នាំ២០១៧នេះហើយ។

លោក ប៉ាន សូរស័ក្តិ បានចាត់ទុកដំណឹងនេះជាដំណឹងដ៏រីករាយមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលរកស៊ីដាំកៅស៊ូ។ លោក ប៉ាន សូរស័ក្តិ ក៏រំពឹងថា ក្រុមហ៊ុនចិននៅក្នុងខេត្តសានស៊ី នឹងបង្កើនការទិញកៅស៊ូ ក៏ដូចជាដំណាំកសិផលផ្សេងៗទៀតពី កម្ពុជា ឲ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា មានក្រុមហ៊ុនកែច្នៃកៅស៊ូចំនួនពីរនៅក្នុងខេត្តសានស៊ី ប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅ ពោលក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចនៅទីនោះ បានព្រមព្រៀងចុះហត្ថលេខានាំចូលកៅស៊ូពីប្រទេសចិនក្នុងមួយឆ្នាំប្រមាណ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ ការប្រមូលទិញនេះ គឺមានរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ៕