(ភ្នំពេញ​)៖ បុរសម្នាក់បានដាក់ពាក្យបណ្តឹង មកស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ​ ដែលមានកម្មវត្ថុប្តឹង គណៈអភិបាល គ្រប់គ្រងមន្ទីរពេទ្យជប៉ុន ពីបទមនុស្សឃាតដោយអចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ នៅរាជធានីភ្នំពេញ។​

មន្ត្រី​តុលាការ​បានប្រាប់ភ្នាក់ងារ Fresh News ថា រហូតមកដល់រសៀលថ្ងៃទី០​៦ ខែកក្កដា​នេះ​ ពាក្យបណ្តឹងនេះ មិនទាន់យកទៅ ចាត់ការទេ ពោលគឺនៅកន្លែងរដ្ឋបាលនៅឡើយ បន្ទាប់ពីដាក់កាលពីថ្ងៃទី៤ ខែកក្កដា។

លោក ជូ ភារ៉ា​ អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកសហជីព ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះឈ្មោះ ឈា សារិន មានទីលំនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានសំណូមពរឲ្យមានការផ្តន្ទាទោសទៅលើរូបវន្តបុគ្គល និងនីតិបុគ្គលដែលបានប្រព្រឹត្ត ល្មើសតាមនីតិវិធីនៃច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន១០០លានរៀល ទុកសម្រាប់ចិញ្ចឹមបីបាច់ថែរក្សា និងការសិក្សារៀនសូត្រ របស់កូនតូចៗ ចំនួន២នាក់ ដែលកំព្រាម្តាយទាំងអយុត្តិធម៌។

លោក ជូ ភារ៉ា បានរៀបរាប់ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា កាលពីវេលាម៉ោង១០៖​៣០ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧​ រូបលោក និងក្រុមគ្រួសារបានបញ្ជូនប្រពន្ធ មកសម្រាលកូនទី៣ នៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ហៅ «មន្ទីរពេទ្យជប៉ុន»។ ក្រោយពេលបំពេញឯកសារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) រួចហើយ គ្រូពេទ្យនៅទីនោះ ក៏បានបញ្ជូនប្រពន្ធរបស់លោក ទៅសម្រាកនៅបន្ទប់លេខ២០៤ គ្រែលេខ៥ ជាន់ទី២ រួចក៏ចាត់ចែងពិនិត្យឆ្លុះអេកូសាស្ត្រ ដោយគ្រូពេទ្យពិនិត្យបានប្រាប់ឲ្យដឹងថា «ម្តាយមានសុខភាពល្អ ទាំងកូនក្នុងផ្ទៃក៏មានសុខភាពល្អ»។ នៅវេលាម៉ោង៣៖៣០រសៀលថ្ងៃដដែល គ្រូពេទ្យក៏បានមកពិនិត្យផ្ទៃពោះ និងចាក់ថ្នាំឲ្យប្រពន្ធរបស់លោកនៅបន្ទប់លេខ២០៤ ជាធម្មតា។

ពាក្យបណ្តឹងបានរៀបរាប់បន្តទៀតថា លុះឈានដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយពេលសម្រាកបានមួយយប់ នៅវេលាម៉ោង ប្រមាណ៤ល្ងាច ខណៈប្រពន្ធរបស់លោកកំពុងឈឺពោះ គ្រូពេទ្យក៏បានមកពិនិត្យផ្ទៃពោះ ហើយបានប្រាប់ឲ្យដឹងថា ម៉ោងប្រហែល៦ល្ងាច ទើបប្រពន្ធរបស់លោកអាចសម្រាលកូនរួច ដោយមានសុខភាពល្អទេ។

បន្ទាប់មក គ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់លោក ទៅបន្ទប់សម្រាលនៅចំពោះមុខវត្តមានគ្រូពេទ្យក្មេងៗ ប្រមាណពី៤នាក់ទៅ៥នាក់ (សង្ស័យគ្រូពេទ្យកម្មសិក្សា) និងក្នុងពេលនោះ មានគ្រូពេទ្យម្នាក់វ័យចំណាស់ជាងគេ បានពាក់ស្រោមដៃលូកទ្វារមាសប្រពន្ធរបស់លោក បណ្តាលឲ្យបែកទឹកភ្លោះ និងធ្លាក់ឈាមយ៉ាងច្រើន ដោយប្រពន្ធរបស់លោកបានប្រាប់មកលោកថា «ងងឹតមុខណាស់» ហើយគ្រូពេទ្យនោះក៏ចេញបាត់ទៅ។

ស្របពេលដែលមានស្ថានភាពធ្លាក់ឈាមច្រើនបែបនេះ គ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់លោក ចូលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ បញ្ចូលអុកស៊ីហ្សែន តែពេលនោះ ខ្សែអុកស៊ីហ្សែនក៏ដាច់មួយចំហៀងទៀត រកមិនឃើញ និងគ្រូពេទ្យក្មេងៗ យកថ្នាំមកចាក់ក៏ច្រឡំ ថ្នាំទៀត ជាមួយនឹងការបន្ទោសគ្នាទៅវិញទៅមក ក្នុងរង្វង់សមាសភាពគ្រូពេទ្យ ។ រយៈពេលប្រមាណ៣០នាទីក្រោយទើបឃើញ គ្រូពេទ្យពាក់ឯកសណ្ឋានផ្សេង (ទំនងជាគ្រូពេទ្យមានឋានៈធំ) មកដល់ និងបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់លោកបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយៗ ឲ្យរូបលោកបំពេញបែបបទយកសពទៅធ្វើបុណ្យតាមប្រពៃណីចុះ។

ខណៈនោះដែរ ឪពុកក្មេករបស់លោកក៏បានសាកសួរទៅកាន់គ្រូពេទ្យទាំងអារម្មណ៍រន្ធត់តក់ស្លុតបំផុតថា «តើកូនរបស់ខ្ញុំ រួមទាំងចៅស្លាប់ ក្នុងពោះម្តាយមកពីមូលហេតុអ្វី?» បែរជាគ្រូពេទ្យឆ្លើយតបវិញថា «មានមេរោគនៅក្នុងទឹកភ្លោះ ទោះនៅអាមេរិកក៏មើលមិនជាដែរ»

លោក ជូ ភារ៉ា ក៏បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់លោកផងដែរថា មុនពេលរូបលោក និងក្រុមគ្រួសារសម្រេចបញ្ជូនប្រពន្ធរបស់ លោកមកសម្រាកកូនទី៣នៅ «មន្ទីរពេទ្យជប៉ុន» នេះ គឺបានពិនិត្យផ្ទៃពោះជាទៀតទាត់ និងបានឆ្លុះពិនិត្យអេកូសាស្ត្រចំនួន២លើក ដោយលទ្ធផលបញ្ជាក់ថា ទាំងម្តាយ ទាំងកូនមានសុខភាពល្អ ជាធម្មតាទាំងអស់ (លើកទី១នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និងលើកទី២នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧)។

លោកយល់ឃើញថា អំពើរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិគាំពារកុមារ និងទារក ហៅ «មន្ទីរពេទ្យជប៉ុន» ដែលបានធ្វើមកលើប្រពន្ធរបស់លោកបែបនេះ គឺជាអំពើមនុស្សឃាតដោយអចេតនា កើតចេញពីការមិនប្រុងប្រយ័ត្ន ធ្វេសប្រហែស ឬការខ្ជីខ្ជាសុទ្ធសាធ ៕