(ឧត្តរមានជ័យ​)៖ យ៉ាងហោចណាស់មនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាល ​ក្នុងចំណោមមនុស្ស១៤នាក់ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍មួយបង្ក​ឡើងដោយរថយន្តនីសាន់២គ្រឿង ស្ថិតនៅចំណុចភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧​។

មន្ត្រីនគរបាលចរាចរណ៍ស្រុក បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ ចរាចរនេះ បាន​កើតឡើងនាយប់ថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១៧១ ក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ បណ្តាលឲ្យអ្នកដំណើររបួសធ្ងន់ស្រាលចំនួន៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកអន្លុងវែង។

តាមសម្តីរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអន្លង់វែង ដែលបានចុះពិនិត្យកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញ មានរថយន្តនីសាន់ទាំង២គ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក Nissan Frontter បានបើកបរមិនប្រកាន់ស្តាំចូលផ្លូវអាទិភាពរបស់រថយន្ត Nissan Navara ដែលមកពីខាងមុខបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យមនុស្ស៧នាក់​ រងរបួសធ្ងន់​ស្រាល៧នាក់ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខទាំង២គ្រឿង។

សមត្ថកិច្ចស្រុក បានបន្តថា ​រថយន្តម៉ាក Nissan Frontter ពណ៌​ទឹកប្រាក់ ស៊េ​រីឆ្នាំ២០០៥ ពាក់ស្លាកលេខរដ្ឋ 22 .2 .0289​ អ្នកបើបររថយន្ត ឈ្មោះ រិ សុខុម អាយុ៥៧ឆ្នាំ រស់នៅភូមិបុររីរដ្ឋបាល សង្កាត់សំរោង ក្រុងសំតោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់បើកបរ ពីកើតទៅលិច។  អ្នកបើកបររថយន្តម៉ាក Nissan Navara ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-4423 ស៊េរី ឆ្នាំ២០១២ ពណ៌ស បើកបរដោយឈ្មោះ សរ ធន់ អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យ​រងរបួសស្រាលធ្វើដំណើរពីលិចទៅកើត។

ចំណែកជនរងគ្រោះទាំង៧នាក់រួមមាន ទី១៖ ឈ្មោះ ប៉ាន់ ហុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិ ស្ទឹងស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រងរបួស ចង្កេះ និងក្បាលធ្ងន់, ទី២៖ ឈ្មោះ ទា គិមលេង ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសបាក់ដៃឆ្វេង, ៣៖ ឈ្មោះ ឡៃ យ៉ុត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសក្បាលធ្ងន់, ទី៤៖ ឈ្មោះ យឹម វឿត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសបាក់ជើងស្ដាំ, ទី៥៖ ឈ្មោះ ស រតនា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភមិគោកសាម៉ ឃុំល្វា ស្រុពួក ខេត្តសៀមរាប រងរបួសដើមទ្រូងធ្ងន់, ទី៦៖ ឈ្មោះ ប៉ោង ចន្ធី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ ទួលទ្រាស ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ របួសស្រាល, ទី៧៖ ឈ្មោះដូត ចំរើន ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិ ទួលទ្រស ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ រងរបួសស្រាល, រីឯមនុស្ស៧នាក់ទៀត​ពុំមានរងរបួសឡើយ​។

ក្រោយហេតុការណ៍​កើតឡើងជនរងគ្រោះត្រូវបានបញ្ជូន​ទៅធ្វើការសង្រ្គោះបន្ទាន់​ នៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយឡែករថយន្ត ទាំង២គ្រឿង ក្រោយវាស់វែងរួចសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការស្រុកអន្លង់វែង ដើម្បីដោះស្រាយតាមនីតិច្បាប់៕