(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ បាន​អញ្ជើញ ​ជាអធិបតីក្នុងពិធីប្រកាស សុពលភាព ក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ ​អាណត្តិទី៤ នៃរដ្ឋបាលសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឲ្យចូលកាន់តំណែង ជាផ្លូវការ។​

លោក ផាន់ ចាន់ធុល បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំ​ប្រកាស​សុពលភាពនាថ្ងៃនេះទៅកិច្ចការជាចម្បងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិថ្មី គឺត្រូវរៀបចំអនុម័ត​បទបញ្ជាផ្ទៃក្នុងដើម្បីកំណត់នូវវិធានចាំបាច់នានាសម្រាប់កិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួន​ស្របតាម​សេចក្ដីណែនាំលេខ ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទ​បញ្ជា​​ផ្ទៃ ក្នុងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក ផាន់ ចាន់ធុល បានបន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវ​យកចិត្ដទុកដាក់លើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្ដ ការងារ របស់ខ្លួនជាប្រចាំពីព្រោះ​​​​គណនេយ្យភាព និងតម្លាភាព គឺជាកត្ដាគនឹ្លះនៅក្នុងអភិបាលកិច្ចល្អដើម្បីឆ្លុះបញ្ចាំងនូវភាពសុច្ចរិត និង​ភាព​ត្រឹម​ត្រូវប្រាកដប្រជានៅក្នុងការអនុវត្ដគម្រោងអភិវឌ្ឍការអនុវត្ដថវិកាការចាត់ចែងការងារនានា ដែលធ្វើ​ឡើងដោយក្រុមប្រឹក្សាឃុំ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សា ឃុំ-សង្កាត់​ ដែលទើបចូល​កាន់តំណែងថ្មីនាពេលនេះ ត្រូវបន្ដរក្សាឱ្យបាននូវវប្បធម៌ សាមគ្គីភាព សម្របសម្រួលមិនបែងចែកនិន្នាការ​នយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការចូលរួមបំពេញការងារ ជាក្រុមក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ដើម្បីធ្វើជាតំណាងឱ្យសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុងឃុំ-សង្កាត់ ជំរុញការអភិវឌ្ឍ មូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវយក​ចិត្ដ​ទុក​ដាក់អនុវត្ដន៍ឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបំពេញការងារចំពោះមុខឱ្យបានម៉ត់ចត់ រួមទាំងការធានាឱ្យបាននូវសាមគ្គីភាព ការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន។

បន្ទាប់ពីការប្រកាសសុពលភាព និងពិធីប្រគល់ភារកិច្ចប្រគល់ត្រារួចមក លោក លឹម សំបូរ ប្រធាន​ក្រុម​ប្រឹក្សា​​សង្កាត់ថ្មី និងជាចៅសង្កាត់ថ្មី បានប្តេជ្ញាចិត្តថាក្នុងអាណត្តិទី៤នេះ លោកនឹងខិត​ខំ​បំពេញ​​ការងារបម្រើសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរឡើង ជាពិសេសបង្កើន​កិច្ច​សហការជាមួយសមាសភាពក្រុមប្រឹក្សាសង្កាត់ថ្មី និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដើម្បីកសាង អភិវឌ្ឍក្នុងមូល​ដ្ឋានក្នុង​សង្កាត់បរយ៉ាខាឱ្យកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត។

គួរបញ្ជាក់ថា៖ សង្កាត់បរយ៉ាខាអាណត្តិទី៤នេះ គូតារបស់គណបក្សប្រជាជនកម្ពុជាខមានសមាសភាពជាក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ចំនួន៥នាក់រួមមាន ទី១៖ លោក លឹម សំបូរ ជាប្រធានក្រុមប្រឹក្សាសង្កាត់ ទី២៖ លោក ឡុង បៀ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ទី៣៖ ជា ឌឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ទី៤៖ លោក ស្រី ចក់ ណែត ជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងទី៥៖ លោក ប៊ុន គឹមសេង ជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងសមាសភាពចៅសង្កាត់៕