(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារដាស់តឿនដល់ យុវជនខ្មែរគ្រប់រូប ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនស្របពេលដែលប្រទេសជាតិយើង មានសន្តិភាព និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយ មុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម និងនាំឲ្យប៉ះពាល់ ដល់សង្គមគ្រួសារ ញាតិមិត្ត ហើយអ្វីដែលសំខាន់នោះគឺ ខូចអនាគតរបស់ខ្លួនតែម្តង។

ការដាស់តឿនក្រើនរំលឹកដល់យុវជនខាងលើនេះ គឺត្រូវបានធ្វើឡើងខណៈលោក វង សូត និងថ្នាក់ដឹកនាំ អញ្ជើញទស្សនកិច្ច និងសាកសួរសុខទុក្ខជាមួយយុវជន យុវតីដែលជាជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ លោក វ៉ិត វ៉ាដាល ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀន គ្រឿងញៀន បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ មណ្ឌលបានទទួលជនរងគ្រោះ ដោយការប្រើប្រាស់ មានចំនួន ៧៤៣នាក់ (ស្រី៧១នាក់) ក្នុងនោះស្ម័គ្រចិត្តតាមរយៈអាណាព្យាបាលចំនួន ៥៤នាក់ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងអង្គការចំនួន៣២នាក់ ស្ម័គ្រចិត្តនៅចំពោះ មុខព្រះរាជអាជ្ញាចំនួន ៦៥៧នាក់ និងធ្វើសមាហរណកម្មចំនួន ៥៦៣នាក់(ស្រី៥៥នាក់) ដោយបានបញ្ចប់កម្មវិធីបន្សាបព្យាបាល និងស្តារនីតិសម្បទា ក្នុងនោះទៅគ្រួសារនិងសហគមន៍ចមនួន ១១៩នាក់ (ស្រី២៧នាក់) បញ្ជូនទៅអង្គការ និងមន្ទីរពេទ្យ ១៨នាក់ (ស្រី៣នាក់) ដើម្បីថែទាំបន្ត ហើយបច្ចុប្បន្នកំពុងស្នាក់នៅមណ្ឌលចំនួន ១៨០នាក់(ស្រី១៦នាក់)។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការព្យាបាល និងស្តារនីតិសម្បទាឡើងវិញគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជនរងគ្រោះ ដោយសារធាតុញៀន ដូច្នេះសូមឲ្យមន្រ្តីគ្រប់គ្រងនៅទីនេះ ត្រូវធ្វើការណែនាំ និងដាស់ស្មារតី ដល់ក្មួយៗដែលកំពុងស្នាក់នៅ និងទទួលការព្យាបាលនេះឲ្យធ្វើយ៉ាងណាខិតខំតាំងចិត្ត ឲ្យបានមុតមាំ ថានឹង ផ្តាច់គ្រឿងញៀនក្នុងខ្លួនឲ្យអស់និងពង្រឹងសមត្ថភាព របស់ខ្លួនឲ្យបានល្អ ដើម្បីត្រលប់ ទៅសហគមន៍វិញ កសាងអនាគតជាថ្មី ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែគាំទ្រក្នុងមណ្ឌល ហើយនាពេលថ្មីៗនេះសម្តេចក៏បាន ផ្តល់នូវថវិកាចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការជួសជុលអគារស្នាក់នៅ សាលសម្រាប់ថ្នាក់បណ្តុះបណ្តាល សម្ភារៈប្រើប្រាស់ បណ្តាញអគ្គិសនី ដែលគ្រោងផែនការអាចទទួលបានជនរងគ្រោះដោយសារធាតុញៀនបាន ២៥០នាក់។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី វង​ សូត ក៏បានឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៣លានរៀល ជូនដល់ មណ្ឌលផងដែរ។

បន្ទាប់ពីពិនិត្យរួចហើយ រដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរ បានបន្តចុះពិនិត្យមើលសំណង់អគារមួយកន្លែងទៀត ដែលកំពុងសាងសង់ សម្រាប់ថែទាំមនុស្សចាស់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ៧០ភាគរយហើយ និងត្រៀមដាក់ សម្ពោធ ឲ្យប្រើប្រាស់នាពេលឆាប់ខាងមុខនេះ។

សមិទ្ធផលទាំងអស់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកលើ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ យើងដូចបណ្តាប្រទេសដទៃទៀតក្នុងតំបន់៕