(កំពង់ធំ)៖ មន្រ្តីជាន់ខ្ពស់នៃរាជដ្ឋាភិបាលកម្ពុជា ដែលធ្វើការលើការងារជំងឺអេដស៍ បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៥ ប្រទេសកម្ពុជា នឹងអាចលុបបំបាត់ជំងឺ មួយនេះឲ្យបាន ក្រោមការប្តេជ្ញាចិត្តគាំទ្រជានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានអញ្ជើញបើក កិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០១៧  នៅរម្យណីយដ្ឋានបឹងសំរិទ្ធ ស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ រដ្ឋលេខាធិការ តាមបណ្តាក្រសួងស្ថាប័នសមាជិកគណៈកម្មាធិការ ប្រយុទ្ធជំងឺអេដស៍ ប្រធានមន្ទីរអង្គភាពជាប់ពាក់ព័ន្ធជុំវិញខេត្តជាង២០០នាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក អៀង មូលី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់មន្រ្តីទាំងអស់និងស្មារតី ចូលរួមចំណែកដឹកនាំគ្រប់គ្រង សម្របសម្រួលឆ្លើយតបយ៉ាងទូលំទូលាយ ក្នុងពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានធ្វើឲ្យយើង ទទួលបាននូវភាពជោគជ័យ ប្រកបដោយមោទនភាព ក្នុងរយៈពេល៦ខែនាដើមឆ្នាំ២០១៧កន្លងមកនេះ។ លោកបានបញ្ជាក់ថា «ក្នុងយន្តនាការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ត្រូវធ្វើយ៉ាងឲ្យទៀងទាត់របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ជំងឺអេដស៍ យើងធ្វើការប្រជុំ យ៉ាងទៀងទាត់រាល់៦ខែម្តង ក្នុងគោលបំណងពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធិផល​ ឲ្យមានប្រសិទ្ធភាព នៃការឆ្លើយតបរបស់ជាតិ នៃកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និងផ្លាស់ប្តូរយោបល់បង្កើននូវយុទ្ធសាស្រ្តថ្មីៗ លើចំណុចខ្វះខាតមួយចំនួន»។  

លោកប្រធានអាជ្ញាធរជាតិប្រយទ្ធប្រឆាំងជំងឺអេដស៍ បានបញ្ជាក់ថា «មួយវិញទៀតសកម្មភាពដែលពួកយើងទាំងអស់គ្នាកំពុងធ្វើនេះ គឺជាសកម្មភាព ដ៏ត្រឹមត្រូវបំផុតក្នុងស្មារតី រួមចំណែកក្នុងក្តីសង្ឃឹមពិតប្រាកដឆ្ពោះទៅ រកការលុបបំបាត់ជំងឺអេដស៍ នាឆ្នាំ២០២៥ ព្រមទាំងដោយមានការគាំទ្រ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន​ ជាមួយនឹងកត្តា គ្រប់គ្រាន់មួយចំនួន គឺមានចីរភាពនៃការចូលរួមឆ្លើយតប ជាមួយជាតិទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ អង្គាសង្គមស៊ីវិល ឯកជនបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលត្រូវការដោះស្រាយតាមរយៈ ការចូលរួមពីសំណាក់អស់លោក លោស្រី លើសពីនេះទៅទៀតយើងក៏ដាក់ចេញនូវសេចក្តីសម្រេច ជាគោលការណ៍មួយចំនួន សម្រាប់យកទៅប្រើប្រាស់បន្តក្នុងការអនុវត្តន៍ផែនការ សកម្មភាពគន្លឹះ៦ខែចុងឆ្នាំ២០១៧បន្តទៀត»

លោកវេជ្ជបណ្ឌិត តែ គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងពីសកម្មភាពជាអាទិភាព ដើម្បីអនុវត្តការងារ ៦ខែបន្ទាប់ទៀត និងពិនិត្យរាល់ឧបសគ្គនានា ដែលរាំងស្ទះនូវបញ្ហាថវិកា ដែលជាបញ្ហាចំបងហើយធ្វើយ៉ាងណា ឲ្យមានការឯកភាពគ្នា ក្នុងការរៀបចំសកម្មភាព សំខាន់ៗ ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលងាយស្រួល ក្នុងការរៀបចំជាកញ្ចប់ថវិកា ព្រោះកញ្ចប់ថវិកាជំនួយពីខាងក្រៅ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោក សុខ លូ បានថ្លែងថា មានក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក ក្រុង និងឃុំ សង្កាត់ ព្រមទំាងមាន អង្គការ ដៃគូមិនមែនរដ្ឋាភិបាលដែលធ្វើការប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារថែទំាព្យាបាលបន្តមួយចំនួនទៀត។ រីឯសកម្មភាពអប់រំ ផ្សព្វផ្សាយអំពីជំងឺអេដស៍ ទាមទារឲ្យមានការចូលរួមពហុវិស័យ ហើយមន្ទីរអង្គភាព ត្រូវចូលរួមសហការជាមួយមន្ទីរសុខាភិបាល ក្នុងការងារនេះ។ ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ត្រូវបានទទួលបានការថែទាំ និងព្យាបាលដោយឥតគិតថ្លៃ។

លោក សុខ លូ បានបន្តថា «ដើម្បីឈានទៅសម្រេចនៅគោលដៅ ក្នុងនាមខ្ញុំជាអាជ្ញាធរខេត្ត ខ្ញុំនឹងខិតខំជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ដល់សកម្មភាពនានាក្នុងការ ប្រយុទ្ធប្រឆំាង នឹងជំងឺរោគអេដស៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ»