(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ក្រោមប្រធានបទ «ការបំពេញតម្រូវការឡូជីស្ទីក ក្នុងប្រទេសកម្ពុជា» ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៧ស្អែកនេះ។

សិក្ខាសាលានេះ នឹងមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញតាមផ្លូវគោក, សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា, សមាគមនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជនមួយចំនួនដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។

គោលបំណង នៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ គឺធ្វើការពិភាក្សា និងពិគ្រោះយោបល់ ជាមួយតួអង្គពាក់ព័ន្ធលើបញ្ហា ទាំងឡាយ ពាក់ព័ន្ធនឹងប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ហើយរួមគ្នាកំណត់នូវ សកម្មភាពអាទិភាព និងដំណោះស្រាយរួមសម្រាប់ជំរុញ ការផ្សារភ្ជាប់រវាងគោល នយោបាយនៃការ អភិវឌ្ឍប្រព័ន្ធឡូជីស្ទីកដែលរួមមានហេដ្ឋារចនា សម័ន្ធដឹកជញ្ជូន និងសេវាដឹកជញ្ជូន តាមផ្លូវថ្នល់ ផ្លូវទឹកផ្លូវដែកផ្លូវអាកាសជាដើម ជាមួយនឹងការរៀបចំថវិកាឆ្នាំ២០១៨ សំដៅបង្កើនប្រសិទ្ធភាពចំណាយផងនិងពង្រឹងការ ប្រកួតប្រជែងរបស់ សេដ្ឋកិច្ចកម្ពុជាផង សម្រាប់ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា២០១៥-២០២៥ រួមទាំងការសម្រួលដល់ការនាំចេញរបស់កម្ពុជា ជាពិសេសការនាំចេញកសិផល៕