(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលតំណាងឲ្យគ្រឹះស្ថានឧត្តមសិក្សាជាតិនៅកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំលើកទី៩ ជាមួយប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុន ដើម្បីពិភាក្សាលើការផ្លាស់ប្តូរក្រេឌីតរបស់និស្សិត ដែលបានចេញទៅសិក្សាក្រៅប្រទេស ក្រោមគម្រោង ASEAN University Network ASEAN Credit Transfer System (AUN-ACTS) ។

កិច្ចប្រជុំលើកទី៩នេះ ត្រូវបានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ផ្តោតលើការទទួលស្គាល់លទ្ធផលសិក្សា ដែលគិតជាចំនួនក្រេឌីតដែលនិស្សិតទទួលបាន និងពីយន្តការនិងគោលការណ៍ធ្វើយ៉ាងណាឲ្យនិស្សិត​មានឱកាសបានចល័ត និងផ្លាស់ប្តូរចំណេះដឹងពីគ្នាទៅវិញទៅមកក្នុងថ្នាក់តំបន់អាស៊ាន។

គួរបញ្ជាក់ថា RUPP បានក្លាយជាសមាជិកនៃបណ្តាញ AUN ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយនេះជាលើកទី១ ហើយដែលទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីលំដាប់អន្តរជាតិមួយនេះ «9th AUN-ACTS Steering Committee Meeting»។ កាលពីឆ្នាំមុន កិច្ចប្រជុំដូចគ្នានេះបានប្រគល់ឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅក្នុងសាកលវិទ្យាល័យឈៀងម៉ៃ ហើយកាលពីឆ្នាំ២០១៥ គឺបានរៀបចំនៅប្រទេសវៀតណាម។ នេះក៏ជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជាផងដែរ ដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់។

លោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា នេះជាឱកាសសម្រាប់ប្រទេសកម្ពុជា ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលធ្វើជាម្ចាស់​ផ្ទះក្នុងតំបន់ សម្រាប់កិច្ចប្រជុំផ្លាស់ប្តូរយោបល់ អំពីការទទួលយកក្រេឌីតរបស់និស្សិតដែលបានចេញទៅសិក្សា​ក្រៅប្រទេស ក្រោមគម្រោង ASEAN University Network ASEAN Credit Transfer System (AUN-ACTS) បែបនេះ។

AUN (ASEAN University Network) គឺជាបណ្តាញសាកលវិទ្យាល័យអាស៊ាន ដែលមានសមាជិកចំនួន ៣០សាកលវិទ្យាល័យ មកពីប្រទេសអាស៊ានទាំង១០ ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់គុណភាពក្នុងការ​បណ្តុះបណ្តាល និងផ្តល់ឱកាសឱ្យនិស្សិតឆ្នើមៗក្នុងប្រទេសនីមួយៗ បានចល័ត និងផ្លាស់ប្តូរចំណេះដឹងពីគ្នាទៅវិញទៅមក ក្នុងប្រទេសអាស៊ានទាំង១០។

លោកស្រីបណ្ឌិតសាកលវិទ្យាធិការរ​ង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា នេះគឺជាកម្មវិធីដ៏ល្អមួយ សម្រាប់គណៈកម្មាធិការដឹកនាំកម្មវិធីផ្លាស់ប្តូរនិស្សិត «AUN-ACTS Steering Committee Meeting» ដើម្បីជួបជុំពិភាក្សាស្វែងរកចំណុចរួមគ្នា រវាងសាកលវិទ្យាល័យជាសមាជិកអាស៊ានទាំង១០ ដោយធ្វើយ៉ាងឲ្យនិស្សិតបានចេញទៅសិក្សាក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ពីវិធីសាស្ត្ររៀន និងបង្រៀន និងការចែករំលែកវប្បធម៌ឲ្យគ្នាទៅវិញទៅមក ហើយឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។

លោកស្រីសាកលវិទ្យាធិការរងនៃ RUPP បានបន្ថែមថា ការជួបជុំថ្ងៃនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកគាំទ្រ និងអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងទិសដៅលើកកម្ពស់គុណភាពអប់រំ និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈនិស្សិតបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងមានប្រាក់ចំណូលខ្ពស់មធ្យម។ ការជំរុញឱ្យមានការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកទៅសិក្សាជាមួយបណ្តាសាកលវិទ្យាល័យ ដែលជាសមាជិកអាស៊ាន (AUN) ក្នុងតំបន់គឺជាការធ្វើសមាហរណកម្មផ្នែកអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា។ ការផ្លាស់ប្តូរនិស្សិត RUPP ឲ្យទៅសិក្សានៅសាកលវិទ្យាល័យផ្សេងៗ ដែលជាសមាជិករបស់ AUN នោះ អាចមានរយៈពេលចាប់ពី១ឆមាស រហូតដល់១ឆ្នាំ និងមានការផ្លាស់ប្តូរខ្លីៗមួយចំនួនទៀតមិនមានក្រេឌីតទេ។

ដើម្បីឈានដល់ការអនុញ្ញាតឲ្យសិស្ស-និស្សិត អាចទៅសិក្សានៅក្រៅប្រទេសបាន គឺសាកលវិទ្យាល័យត្រូវពិនិត្យ​មើលការសិក្សារបស់និស្សិត ដោយផ្អែកលើគុណសម្បត្តិមួយចំនួន ដូចជា និស្សិតត្រូវរៀនពូកែ មានពិន្ទុល្អ ចេះភាសាបរទេសខ្លះជាគោលទំនាក់ទំនង។ ពេលនិស្សិតត្រលប់មកវិញពួកគេនឹងមានគំនិតទូលំទូលលាយក្នុងការសិក្សា មានឱកាសច្រើនក្នុងការស្វែងរកការងារក្នុង និងក្រៅប្រទេស។ ចាប់តាំងពីបានចូលជាសមាជិក AUN-ACTS ក្នុងឆ្នាំ២០០៩មក RUPP បានបញ្ជូននិស្សិតប្រមាណជា ៣៥នាក់ ក្រោមគម្រោង AUN-ACTS នេះ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យអាស៊ាន ACTS បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន ជាពិសេសសាកលវិទ្យាល័យដែល​ជាសមាជិកអាស៊ានទាំងអស់ ឱ្យទទួលយកនិស្សិតអាស៊ាន ៥នាក់ ក្នុងមួយឆ្នាំ ហើយ​ RUPP ក៏ត្រូវបញ្ជូននិស្សិតចេញ​ទៅបណ្តា​សាកលវិទ្យាល័យ ដែលជាសមាជិកអាស៊ានយ៉ាងតិចក៏បាន ៥នាក់ដែរ ក្នុងមួយឆ្នាំ។ ដោយឡែក ក្នុងការផ្លាស់ប្តូរនិស្សិតក្នុងកម្មវិធីផ្សេងៗរបស់ AUN គិតមកដល់ពេលនេះ និស្សិត RUPP ចំនួន ៨២១នាក់ បានទៅចូលរួមសកម្មភាពសិក្សាផ្សេងៗ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងនោះ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា និស្សិតដែលបញ្ជូនទៅសិក្សាទំាំងនោះ មិនត្រូវបង់ថ្លៃសិក្សា ឬការស្នាក់នៅទីនោះទេ ប៉ុន្តែនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារតែការទៅសិក្សានៅទីនោះ គឺត្រូវការចំណាយប្រចាំថ្ងៃផ្ទាល់ខ្លួន ដូចជា ការហូបចុក និងសេវាធ្វើដំណើរជាដើម។

ជារួមលោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ញើសារនេះដល់​សិស្ស-និស្សិតកម្ពុជា​គ្រប់រូប ឲ្យចេះប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ខិតខំស្រូបយកចំណេះដឹងទូទៅ ជាពិសេសភាសាអង់គ្លេស ត្រូវរៀនឲ្យចេះប្រាកដ ពីព្រោះថារាល់អាហារូបករណ៍ទាំងអស់ គឺទាមទារដាច់ខាតឱ្យមានភាសាអង់គ្លេស​ក្នុងកម្រិតមួយសមស្រប។ លោកស្រីបណ្ឌិតបានសង្កត់បន្ថែមថា អាប្បកិរិយារបស់សិស្ស-និស្សិត ក៏ជាកត្តាសំខាន់ត្រូវតែប្រកាន់ខ្ជាប់ផងដែរ ដោយសារយើងត្រូវទៅរស់នៅ និងរៀនសូត្រនៅប្រទេសគេ ដូចនេះត្រូវតែមានអាប្បកិរិយាល្អ ត្រូវចេះខិតខំរៀនសូត្រ ជម្នះរាល់ការលំបាក មានទំនួលខុសត្រូវដែលគេអាចទទួលយកបាន។ ការខិតខំរៀនសូត្រពីក្នុងស្រុកទេសយើង គឺជាទម្លាប់ដ៏ល្អសម្រាប់ឈានទៅសម្រេចជោគជ័យ និងក្តីស្រមៃរបស់យើងម្នាក់ៗ៕