(ឧត្តរមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៧នេះ នឹងបើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារបន្តក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួម លោកប្រធាន អនុប្រធានការិយាល័យទាំងអស់ រួមមានអធិការ អធិការរងនគរបាលក្រុង ស្រុកទាំង៥ លោក លោកស្រីជានាយ នាយរងផ្នែកទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានថ្លែងថា កងកម្លាំងទាំងអស់ត្រូវគោរពឲ្យបានខ្ជប់ខ្ជួនជាច្រើនចំណុចដូចជា ទី១៖ ត្រៀមប្រយុទ្ធ និង ការងារល្អ, ទី២៖ ហ្វឹកហ្វឺនរៀនសូត្រល្អ, ទី៣៖ ទស្សនៈត្រឹមត្រូវឆន្ទៈមោះមុតសាមគ្គីភាព និងវិន័យល្អ, ទី៤៖ គ្រប់គ្រងកងកម្លាំងមធ្យោបាយ អាវុធយុទ្ធភណ្ឌ គ្រឿងចក្រឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់ និងមិនបានបាត់បង់, និងទី៥៖ ម្ចាស់ការបង្កបង្កើនផលសន្សំសំចៃធានាគុណភាព និងជីវភាពរស់នៅល្អ។

លោកស្នងការនគរបាលខេត្ត បានបន្តថា ធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ដែលបានប្រឹងប្រែងបំពេញការងារបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អគួរឲ្យកត់សម្គាល់ដោយមិនខ្លាចនឿយហត់ទោះបីស្ថិតនៅក្នុងកាលៈទេសៈ ណាក៏ដោយ មិនតែប៉ុណ្ណោះកងកម្លាំងប្រដាប់ទាំងអស់ខិតខំធ្វើការដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនាឡើយ គឺធ្វើអ្វីៗដើម្បីប្រយោជន៍សាធារណៈទាំងអស់គ្នា។

លោកស្នងការខេត្ត ក៏បានដាស់តឿនដល់មន្រ្តីទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងអាកប្បកិរិយា សមរម្យប្រាស្រ័យទាក់ទងល្អជាពិសេស កងកម្លាំងនគរបាលទាំងអស់ត្រូវតែចូលរួមសហការណ៍រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរឡើងថែមមួយកម្រិតទៀត៕