(កំពង់ស្ពឺ)៖ ​ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឹ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការបង្ក្រាបក្រុមចែកចាយគ្រឿងញៀន៣នាក់ ដោយដកហូតបានថ្នាំញៀន​២១៥កញ្ចប់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដើមឡើយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង​ទង បានធ្វើការឃាត់ខ្លួន​សញ្ញាសង្ស័យ ចំនួន​២​នាក់ ឈ្មោះ ណុំ វិសាល ​អាយុ​២៣​ឆ្នាំ និងឈ្មោះ ស្រួយ គឹមហុង អាយុ​៣៣​ឆ្នាំ ដោយក្នុងនោះ ដកហូតបានម្ស៉ៅក្រាមព័ណ៌សថ្លា ចំនួន​៨កញ្ចប់ ម៉ូតូ១គ្រឿង​ និងសម្ភារៈមួយចំនួនទៀត។

លោកស្នងការបន្ដថា ​ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង​២នាក់ បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើនេះជារបស់ឈ្មោះ សន ​ក្រឹម អាយុ​៣០ ឆ្នាំ នៅភូមិជាមួយគ្នា ភ្លាមនោះបន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញា កម្លាំងរបស់លោកបានបន្ដ​ទៅ​ឃាត់ខ្លួនឈ្មោះ សន ក្រឹម ហើយបាន​ឆែកឆេរនៅក្នុងផ្ទះ ស្រាប់តែរកឃើញគ្រឿងញៀន ចំនួន២០៧​កញ្ចប់បន្ថែមទៀត។

បើតាមលោកឧត្តមសេនីយ៍ត្រី សម សាមួន ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀនសរុប២១៥កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕