(ភ្នំពេញ)៖ ខណៈនៅសល់តែ១២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងមកដល់ទាំង សម រង្ស៊ី និងក្រុមរង្ស៊ីនិយម នៅក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែភ័យស្លន់ស្លោរពោរពេញដោយក្តីព្រួយបារម្ភ។ បារម្ភខ្លាចក្រែងអ្វីដែល សម រង្ស៊ី លាតំណែងពីប្រធាន និងសមាជិកបក្ស សង្គ្រោះជាតិលេងៗ ក្លាយជាមែនទែន។

ម្យ៉ាងទៀតជាមួយនឹងការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយ គេជឿថា ជីវិតនយោបាយរបស់ សម រង្ស៊ី នឹងបញ្ចប់ទាំងស្រុងតែម្តង ហើយពេលនោះគឺអ្វីដែលជាក្តីរំពឹង និងការស្រមើស្រម៉ៃរបស់ សម រង្ស៊ី និងក្រុមរង្ស៊ីនិយម នឹងរលាយដូចអំបិលត្រូវទឹក។
ដោយសារតែភាពតក់ស្លុតនឹងស្ថានការណ៍ទាំងនេះ ហើយបានជាទាំង សម រង្ស៊ី និងក្រុមរង្ស៊ីនិយមទាំងក្នុង និងក្រៅប្រទេស បានខិតខំធ្វើសកម្មភាព ដើម្បីលើក តម្កើងបុគ្គល សម រង្ស៊ី និងតាំងជាតួឯកថា «បើគ្មានវត្តមានសម រង្ស៊ី នោះការបោះឆ្នោត នឹងគ្មានយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយជាដើម»​ ខណៈបុរសជិះសេះប្រផេះ កឹម សុខា និងក្រុម កឹម សុខា និយមសប្បាយរីករាយនៅក្នុងវិសមកាលនៅទីក្រុងហួរហ៊ីន ប្រទេសថៃ និងកំពុងតែរៀបចំផែនការ យុទ្ធសាស្ត្រកម្ចាត់ សម រង្ស៊ី និងក្រុមរង្ស៊ី និយមនៅក្នុងបក្ស។

តើហេតុអ្វីបានជា សម រង្ស៊ី និងក្រុមរង្ស៊ីនិយម ចេញមកនិយាយពីវត្តមានរបស់ រង្ស៊ី នៅក្នុងការបោះឆ្នោតនាពេលខាងមុខ?

១៖ ការដណ្តើមឥទ្ធិពលរវាង សម រង្ស៊ី និង កឹម សុខា៖ នៅក្នុងរយៈពេលជិត៥ ខែក្រោយពីការប្រកាសលាលែងពីតំណែងជាប្រធានបក្ស និងលះបង់សមាជិកភាព បក្សសង្គ្រោះជាតិលេងៗដើម្បីបន្លំភ្នែកច្បាប់ចៀសវាងការប្តឹងរំលាយបក្ស សម រង្ស៊ី នៅតែធ្វើសកម្មភាពនិងបង្ហាញគោលជំហរក្នុងនាមជាប្រធានគណបក្សនេះ ដដែល ហើយចាត់ទុក កឹម សុខា ជាប្រធានបក្សលេងៗដែរ។ ប៉ុន្តែក្រោមពរជ័យរបស់ទេវតា កឹម សុខា បានក្លាយពីមេបក្សលេងៗទៅជា មេបក្សមែនទែន។

ដល់ពេលនេះ សម រង្ស៊ី ទើបដឹងថា ខ្លួនបានចាញ់ផុកលើការរកស៊ីនយោបាយដាក់បក្សចូលគ្នា ពីព្រោះ កឹម សុខា បានក្តោប និងគ្រប់គ្រងបក្សទាំងមូលតែម្តង ដែលធ្វើឱ្យសម រង្ស៊ី និងក្រុមគាត់ ក្អួតឈាមដូច អ៊ុក សារ៉េន។ ឥឡូវនេះ កឹម សុខា មានអំណាចពេញដៃ និងពេញច្បាប់ក្នុងការចាត់ចែងការងារបក្ស ហើយក្នុងពេលឆាប់ៗខាងមុខនេះ កឹម សុខា នឹងចាប់ផ្តើមរៀបចំក្រុមការងារបក្សថ្នាក់ខេត្ត ស្រុក ថ្មីដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងបក្ស ហើយអ្វីៗដែលសម្រេចនៅពេលសម រង្ស៊ី ធ្វើជាប្រធានគឺ នឹងគ្មានសុពលភាពទៀតឡើយរួមទាំងគ្មានសិទ្ធិក្នុងការរៀបចំក្រុមការងារថ្មីនេះទេ។

បើតាមព័ត៌មានផ្ទៃក្នុងបក្ស កឹម សុខា នឹងរៀបចំក្រុមការងារថ្មីដោយលើកសកម្មជនមកពីអតីតគណបក្សសិទ្ធិមនុស្សរបស់គាត់ដើម្បីធ្វើ ជាប្រធានក្រុមការងារ ថែមទៀតផង។ ទាំងអស់នេះហើយដែលធ្វើឱ្យសម រង្ស៊ី និងក្រុមគាត់ភ័យស្លន់ស្លោរ និងព្យាយាមក្នុងការរំលេចតួអង្គ សម រង្ស៊ី និងឥទ្ធិពលរបស់គាត់ដើម្បី កុំឱ្យសាធារណជនៅភ្លេច ព្រមទាំង គូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមានរបស់ សម រង្ស៊ី នៅក្នុងឆាកនយោបាយកម្ពុជា ប៉ុន្តែអ្វីៗគឺហួសពេលហើយ ព្រោះខ្លួនបានលាតំណែង និងសមាជិក និងមានទោសជាប់ខ្លួនទៅទៀត ពេលនេះ តារានយោបាយ សម រង្ស៊ី ដែលប្រកបដោយភាពក្រអឺតក្រទម និងជាអ្នកនយោបាយកំសាកញី បានចូលអស្តង្គត អាប់ពន្លឺ ហើយកេរ្តិ៍ឈ្មោះ និងមុខមាត់របស់បុគ្គល សម រង្ស៊ី ចាប់ផ្តើមលិចបាត់ តារាថ្មីបាននិងកំពុងរះគឺ កឹម សុខា ដែលបក្សមានតែបីអាសនៈ លេបបាន ៥៥ អាសនៈ និងបក្សពីររួមគ្នាទៀត។ ពិតជាចំណេញកប់ក្តោងមែន! សូមសរសើរ!

២៖ ជម្លោះផ្ទៃក្នុងបក្សបង្វែរកម្តៅចេញមកក្រៅ៖ សម រង្ស៊ី លះបង់តំណែងបក្ស ប៉ុន្តែនៅចង់បានតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងបក្សសង្គ្រោះជាតិ រហូតដល់ប្រកាសអត្តនោម័តដោយខ្លួនឯងថា ជាបេក្ខជនតែម្នាក់គត់ដែលមានសមត្ថភាពអាចប្រកួតប្រជែងបាន ប៉ុន្តែអ្វីដែល សម រង្ស៊ី លើកដោយរំលោភការ សម្រេចចិត្តរបស់បក្សនេះ ត្រូវបាន កឹម សុខា ទះកំផ្លៀងការទូតផ្ទៃក្នុងបក្សមួយទៅ សម រង្ស៊ីវិញថា មានតែសមាជបក្សនៅខែមេសាទេ ទើបអាចសម្រេចបានថា តើនរណាជា បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីដើម្បីប្រកួតជាមួយសម្តេចតេជោ ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីទប់ ទល់ឥទ្ធិពល និងយុទ្ធសាស្ត្ររបស់ កឹម សុខា ក្នុងការទប់សម រង្ស៊ី មិនឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ទាំង សម រង្ស៊ី និងក្រុមអ្នកគាំទ្រគាត់លើកឡើងពីភាពចាំបាច់នៃ វត្តមានរបស់ សម រង្ស៊ី នៅក្នុងការបោះឆ្នោត។

យឹម សុវណ្ណ ដែលជាមនុស្សជំនិត និងជាអ្នកអនុវត្តដោយផ្ទាល់ផែនការរបស់សម រង្ស៊ី បាននិយាយថា «ការបោះឆ្នោតឆ្នាំ២០១៨ នឹងគ្មានយុត្តិធម៌ទេ ប្រសិនបើគ្មានវត្តមានរបស់សម រង្ស៊ី»។ ចុះការបោះឆ្នោតមុនៗ ហើយការបោះឆ្នោតនៅឆ្នាំ២០១៣ សម រង្ស៊ី មានវត្តមាននៅក្នុងការបោះឆ្នោតដែរ ហេតុអ្វីបានជាបក្សសង្គ្រោះជាតិនៅតែប្រកាសថា ការបោះឆ្នោតគ្មានយុត្តិធម៌? មិនអស់ចិត្ត បក្សនេះបានកៀងគរមនុស្សមកធ្វើបាតុកម្មទៀត?

នេះពិតជានិយាយឱ្យតែរួចពីមាត់មែន! តាមពិតវាជាជម្លោះផ្ទៃក្នុងបក្សខ្លួនឯង និងជាការប្រជែងរវាងក្រុមសម រង្ស៊ី និង កឹម សុខា ហើយចុងក្រោយ សម រង្ស៊ី បានចាញ់បោក កឹម សុខា ឈឺចិត្តក្តៅក្រហាយ បែរជាបង្វែរកម្តៅមកខាងក្រៅដោយនិយាយថា ការបោះឆ្នោតនឹងគ្មានយុត្តិធម៌ ប្រសិនបើគ្មាន សម រង្ស៊ី ទៅឯណាឯណីទៅវិញឆ្កុយ? ចុះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ អត់ សម រង្ស៊ី ដែរ ហេតុអ្វីបានជាសហគមន៍ជាតិ និងអន្តរជាតិ ក្នុងនោះមាន ស្ថានទូតអាមេរិក អឺរ៉ុបជាដើមបានវាយតម្លៃថាដំណើរការល្អ និងអាចទទួលយកបាន? ចង់ប្រាប់អស់លោកថាបើកម្ពុជាគ្មានសម រង្ស៊ី កម្ពុជារស់នៅសុខសាន្ត និងគ្មានការរំខានដោយសម្តីឥតគម្រប និងទង្វើគ្មានការទទួលខុសត្រូវរបស់សម រង្ស៊ីទេ។ ឬអាចនិយាយ ម្យ៉ាងទៀតថា បើមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ!

ការនិយាយថាត្រូវមានវត្តមាន សម រង្ស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខគឺគ្រាន់តែជា៖ ក-យុទ្ធសាស្ត្រនយោបាយរបស់ សម រង្ស៊ី និងក្រុមគាត់ទប់នឹង កឹម សុខា និងក្រុមគាត់ប៉ុណ្ណោះ ព្រោះចាំបាច់ ពួកគេប្រកាសមុនថា សម រង្ស៊ី នៅតែជាតួឯកក្នុងបក្សសង្គ្រោះជាតិ និងលើកតម្លៃសម រង្ស៊ី ដោយចាត់ទុកកឹម សុខា គឺជាមនុស្សគ្មានបានការ ឬគ្រាន់តែជាតួរង។ ខ-ដើម្បីទាមទារយកបេក្ខភាពនាយករដ្ឋ មន្ត្រីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយទោះបីជាបោះឆ្នោត ក្នុងសមាជក៏ដោយ អ្នកត្រូវទទួលនូវ សិទ្ធិធ្វើជាបេក្ខភាពគឺ សម រង្ស៊ី មិនមែនកឹម សុខា ឡើយស្របតាមកិច្ចព្រមព្រៀងរវាងគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មុននឹងច្របាច់បញ្ចូលគ្នា។ គ-គោលដៅចុងក្រោយគឺបើបានវិលចូលប្រទេសវិញ មុនពេលសមាជបក្ស គឺអាចស្នើសើរើតំណែងប្រធានបក្សឡើងវិញ និងប្រជែងយកឥទ្ធិពលបក្សមកវិញ។

ប៉ុន្តែគួរឱ្យសោកស្តាយសម្រាប់ សម រង្ស៊ី និងក្រុមរបស់គាត់ ធ្វើម៉េចបើបានជាចាញ់ក្នុងយុទ្ធសាស្ត្រ នយោបាយនេះទៅហើយ! សម រង្ស៊ី អស់តំណែងជាប្រធានបក្ស ហើយសូម្បីតែសមាជិកក៏គ្មានទៀត ចុង ក្រោយ សម រង្ស៊ី ដែលកំពុងជាប់ជំពាក់នឹងទោសទណ្ឌក៏នឹងត្រូវបានហាមឃាត់ មិនឱ្យពាក់ព័ន្ធនឹងគណបក្សនយោបាយ ទៀត។ តើនេះមិនមែនជាការបញ្ចប់នៃជីវិតនយោបាយរបស់អ្នកនយោបាយមាន់សម្ល សម រង្ស៊ី ទេឬ? ចំណែកក្រុម សម រង្ស៊ី និយមដែលកំពុងនៅខាងក្នុង ទប់ទល់នឹងឥទ្ធិពលក្រុមកឹម សុខា ក៏កំពុង តែធ្លាក់ខ្លួនឯកោបណ្តើរៗ ព្រោះកឹម សុខា នឹងចាប់ផ្តើមកាត់សរសៃឈាម ក្រុមនេះបន្តិចៗម្តងតាមរយៈ ការពង្រឹងឥទ្ធិពលក្រុមគាត់ក្នុងក្រុមការងារបក្សតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ នៅចុងក្រោយអ្វីដែលបន្សល់ទុកឱ្យ សម រង្ស៊ី និងក្រុមរបស់គាត់គឺពាក្យថា ស្តាយក្រោយដែលមើលមិនយល់ពីយុទ្ធសាស្ត្រ នយោបាយរបស់ដៃគូខ្លួន ហើយពាក្យថា វិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី មកដឹកនាំបក្សសង្គ្រោះជាតិវិញ ក៏រសាត់ទៅឆ្ងាយអើយសែនឆ្ងាយ!

ដោយ៖ ចៅចាក់ស្មុក