(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ​ បានឲ្យលោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូល ​ដឹកនាំមន្រ្តីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម គណកម្មការផ្សារ ទួលស្វាយព្រៃ១ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសារធាតុគីមី នៅក្នុងចំណីអាហារនៅក្នុងផ្សារដោយលទ្ធផល បានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីចៀន និងសាច់ត្រីម៉ត់ដែលលាយគ្រឿងហើយ បានដកហូតសរុបជាង១០គីឡូក្រាម​នៅព្រឹកថ្ងៃទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៧។

​ឆ្លៀតក្នុងឱកាសនោះ លោក​ គង់​ វុទ្ធី​ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

លោកក៏បាន​បញ្ជាក់បន្ថែមថា​ ប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារទួលស្វាយព្រៃទី១នេះ​ លទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងប្រហិតត្រីចៀន និងសាច់ត្រីម៉ត់ដែលលាយគ្រឿង ហើយបានដកហូតសរុបជាង១០kg និងអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសាធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករនិងផ្អាកមិនអោយលក់រយៈពេល ចំនួន០៥ថ្ងៃរហូតដល់កែប្រែគុណភាពបានល្អឡើងវិញ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

​គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ​ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ​ ទឹកចិត្តរីករាយ​ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង​ នឹងស្តាម៉ាត​ នានា​ក្នុងរាជធានីភ្នំពេញ​ រកសារធាតគីមី​ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕