(ភ្នំពេញ)៖ ក្រោយពីបានដាក់ពាក្យប្តឹងក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត (ក្រុមហ៊ុនសាំងកាល់តិច) តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើមបណ្តឹងដែលជាអតីតកម្មករ បម្រើការងារនៅក្រុមហ៊ុនសាំងមួយនេះចំនួន៤រូប រួមមាន៖ឈ្មោះ លៀម យ៉ាង ឈ្មោះ ប៊ុន ចន្ថា ឈ្មោះ ច័ន្ទ ម៉ាលីនី និងឈ្មោះ អ៊ូច ពិសាល បានរងចាំអស់រយៈពេលជាង៦ឆ្នាំ ទទួលបានពន្លឺយុត្តិធម៌ តាមរយៈការចេញដីការបស់តុលាការកំពូល ដោយសម្រេចឲ្យក្រុមហ៊ុនដ៏ធំមួយនេះ ផ្តល់សំណងជិត៣ម៉ឺនដុល្លារ ជូនពួកគេ។

បើទោះបីតុលាការកំពូលបានចេញសាលដីកា សម្រេចឲ្យអតីតកម្មករទាំង៤នាក់នេះឈ្នះក្តីតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧មកនោះក៏ ប៉ុន្តែរហូតមកដល់ពេលនេះជនរងគ្រោះ ទាំង៤នាក់ នៅមិនទាន់ទទួលបានសំណងទាំងនោះនៅឡើយទេ ដូច្នេះហើយពួកគេសូមអំពាវនាវដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំពាក់ព័ន្ធជួយពន្លឿនករណីនេះផង។

មន្រ្តីតុលាការកំពូល បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះថា ជនរងគ្រោះដែលជាអតីតកម្មករទាំង៤នាក់ នៅក្រុមហ៊ុនសាំងកាល់តិច ខាងលើនេះ កាលពីអំឡុងឆ្នាំ២០១០ ត្រូវបានតំណាងក្រុមហ៊ុនឈ្មោះ ហេង សុវណ្ណ បញ្ឈប់ពួកគាត់ពីការងារ ដោយរំលោភច្បាប់ការងារ។ ពេលនោះជនរងគ្រោះទាំង៤នាក់ បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ រហូតដល់តុលាការកំពូល ហើយកាលពីខែមីនា ឆ្នាំ២០១៧ ក៏បានសម្រេចឲ្យក្រុមកម្មករទាំង៤នាក់ បានឈ្នះក្តី លើក្រុមហ៊ុនយក្សរបស់បរទេសមួយនេះតែម្តង។

យោងតាមសាលដីកាស្ថាពររបស់តុលាការកំពូល លេខ ៧៣ "គ" ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ បានសម្រេចឲ្យឈ្មោះ ហេង សុវណ្ណ ជាតំណាងក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត សងប្រាក់ទៅឲ្យដើមបណ្ដឹងជាអតីតកម្មករទាំង៤នាក់សរុបចំនួន ២៩,២៣៥.៤០ដុល្លារ។

ក្រោយពីសាលដីកាតុលាការកំពូល ចូលជាស្ថាពររួចហើយនោះ មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យម្ចាស់បំណុល បានដាក់ស្នើសុំអនុវត្តដោយបង្ខំ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះជាអតីតកម្មកររបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត នៅតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌ ចុងក្រោយនៅឡើយទេ ពោលគឺគ្មានសំណងសូម្បីតែ១សេន។

ម្ចាស់បំណុលបានអំពាវនាវឲ្យចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយពន្លឿននីតិវិធីអនុវត្តដោយបង្ខំនេះ តាមរយៈការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន លក់ឡាយឡុង ដើម្បីសងសំណងដល់ពួកគាត់ផង ព្រោះពួកគាត់រងគ្រោះជិត១០ឆ្នាំដោយអយុត្តិធម៌៕