(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅ​ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ​អញ្ជើញពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ ក្នុងអាណត្តិទី៤ នៃរដ្ឋបាលឃុំ​​​ម្សាក្រង ស្រុកស្ទោង។

លោក គង់ វិមាន​ លើកឡើងថា ​ត្រូវតែមានភាពជាម្ចាស់រាល់សមិទ្ធិផល ដែលបាន​និងកុំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងជួយជ្រោមជ្រែងរាល់ភាពខ្វះខាត និងតម្រូវការរបស់ប្រជាជនពិតប្រាកដ រាល់បញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងសហគមន៍របស់ខ្លួន ត្រូវមានទំនួលត្រូវ និងមានភាព​សការណ៍គ្នា យ៉ាងស្អិតរមួត មិនមើលបំណាំគ្នា រាល់ការដោះស្រាយទំនាស់ត្រូវ ផ្តោតសំខាន់ទៅលើច្បាប់ ដោយឈរលើការសម្របសម្រួលដើម្បីបញ្ចប់ទំនាស់នៅថ្នាក់មូលដ្ឋាន។

អភិបាលរងខេត្ត បញ្ជាក់ថា ជាការពិតណាស់ក្រុមប្រឹក្សា​ឃុំ​ថ្មីនេះ នឹងទទួលបានសិទ្ធិស្វែយភាព ក្នុងការដឹកនាំ​គ្រប់គ្រងការអភិវឌ្ឍមូលដ្ឋាន​ពិតប្រាកដ ហើយវាជាផ្នែកមួយ នៃអំណាចនីតិប្រតិបត្តិរបស់រដ្ឋមានន័យថា ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវអនុវត្តតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមេឃុំ​ត្រូវតែ​ភាពយុត្តិធម៌មិនលំអៀង ឈរជាអ្នកអាជ្ញារកណ្តាល ក្នុងការដោះស្រាយរាល់ទំនាស់ដែលកើត មានដោយមិនលំអៀង រីឯការគ្រប់គ្រង និងដឹកនាំវិញដាច់ខាតត្រូវធ្វើការពិភាក្សា ដោយមិនរើសអើងបក្ស​នយោបាយ ពោលគឺឈរលើផលប្រយោជន៍រួមជាធំ ក្នុងគោលដៅបម្រើ​នូវសេចក្តីត្រូវការរបស់​ប្រជាពលរដ្ឋជាដាច់ខាត ហើយចំពោះការបម្រើ​សេវារដ្ឋបាលសាធារណៈវិញ ត្រូវមានភាពឆាប់រហ័ស មិនប្រងើញកន្តើយ នាំមានភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាជនគ្រប់រូប។

​ចុងក្រោយ លោក គង់ វិមាន​ ​ផ្តាំផ្ញើរដល់ក្រុមប្រឹក្សាគ្រប់រូប ត្រូវសហការ​រួមសាមគ្គី យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ក្នុងការថែរក្សាសុខសន្តិភាព ជូនក្រុមគ្រួសារ ក្នុងភូមិឃុំរបស់ខ្លួនឲ្យមានសេចក្តីសុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ឈរ​លើការគោរពច្បាប់ ​លុបបំបាត់នូវភាពអសកម្មរបស់មន្ត្រីឃុំ៕