(កណ្ដាល)​៖ ​ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈ​ដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ត្រូវ​​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​​ បញ្ជូន​ដល់​អយ្យការ​អមសាលាដំបូង​ខេត្ត​កណ្ដាល​ ហើយ​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។​

លោក ​សំម​ ឫទ្ធី​វាសនា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ជនសង្ស័យ​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ ឯក​ ស៊ុន​រស្មី​ សម្រេច​ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន​» តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​។

បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ជនសង្ស័យ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​៕