(រតនគិរី)៖ លោក ឆាយ ធី អតីតប្រធានសមាគមអាដហុក ខេត្តរតនគិរី ដែលចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ហើយឈរឈ្មោះជាមេឃុំ​ប៉ាតេ ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតនោះ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានចូលកាន់តំណែងជាផ្លូវការហើយ​។

ការប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ​​លោក គិត​ ទ្រី​ អភិបាលរងខេត្ត​ តំណាងលោក ថង សាវុន អភិបាលខេត្តរតនគិរី​ ដែលប្រារព្ធនៅសាលាឃុំប៉ាតេ​ ស្រុកអូរយ៉ាដាវ​​។

ជាមួយនឹងការប្រកាសចូលកាន់តំណែងនេះ លោក ឆាយ ធី បានប្ដេជ្ញាចិត្តប្រឹងប្រែងនឹងផ្ដល់សេវា និងការបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម និងអភិវឌ្ឍន៍ឃុំប៉ាតេ ឲ្យមានភាពរីកចម្រើនផងដែរ។

​ឃុំប៉ាតេ ​ជាឃុំមួយស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបាន​​គណបក្ស សម រង្ស៊ី គ្រប់គ្រង២អាណត្តិមកហើយ​នោះ នៅក្នុងអាណត្តិទី៤នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះវិញ។

សូមបញ្ជាក់ថា ​លោក ឆាយ ធី មេឃុំប៉ាតេ របស់​គណបក្សប្រជាជនកម្ពុជាដែល​​ចូលកាន់តំណែង​នេះ គឺ​ជាអតីតមន្ដ្រីអង្គការសិទ្ធិមនុស្សអាដហុក។ លោក ឆាយ ធី អាយុ ៤៨ឆ្នាំ បានឈប់បម្រើការងារជាមន្ដ្រីអង្គការសិទ្ធិមនុស្ស ដែលខ្លួនធ្លាប់បានធ្វើជាង ១០ឆ្នាំមកហើយនោះ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ២០១៧កន្លងទៅនេះ។

លោក ឆាយ ធី ធ្លាប់បាន​បញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែលោកបានមើលឃើញ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ចាស់ទុំមួយ​នៅកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេស បានបន្សល់ស្នាដៃធំៗជាច្រើន ដូចជា ការរំដោះប្រទេសចេញពីរបប ប៉ុល ពត, ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្ដិភាព ជូនជាតិ និងមាតុភូមិ៕