(ភ្នំពេញ)៖ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួន នៅខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ ក្នុងបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។

លោក គឿន ភិរុណ បានបញ្ជាក់ថា ប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈធ្វើឡើងដោយយោងតាម​ការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។ លោកបន្តថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super(95) និងRegular (92)។

បើតាមលោក គឿន ភិរុណ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយចំនួន ០៣ទីតាំង រកឃើញថា ស្ថានីយចំនួន០២ មានភាពត្រឹមត្រូវទាំងផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ។ ដោយឡែកស្ថានីយ០១ទីតាំង មានកង្វះបរិមាណប្រេងមិនឆ្លើយតបនឹងលេខកុងទ័រ។

ក្រោយការពិនិត្យឃើញបែបនេះ លោក គឿន ភិរុណ និងក្រុមការងារបានណែនាំម្ចាស់ស្ថានីយឲ្យកែតម្រូវម៉ាស៊ីន​លក់ប្រេងតាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយទាំង០៣ គឺដាក់លក់ត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម។

លោកអនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសតាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ​របស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។

លោក ភិរុណ ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយ​ប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មី ផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃ លេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ តាមដានសេចក្តីជូនដំណឹងថ្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម១៥ថ្ងៃម្តង និងត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចូលចាក់បំពេញក្នុងស្ថានីយ។

លោក គឿន ភិរុណ ក៏បានប្រកាសដែរថា ប្រសិនបើអ្នកប្រើប្រាស់យានយន្តជួបបញ្ហាមិនប្រក្រតីកើតឡើងទាក់ទងបរិមាណ និងគុណភាពប្រេងឥន្ធនៈ ក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888៕