(តាកែវ)៖ រដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តតាកែវ បានឯកភាពឲ្យ ក្រុមហ៊ុន ដួង ឈីវ សហប្រតិបត្តិការអភិវឌ្ឍន៍ភ្នំដិន ឲ្យបង្កើតចំណតរថយន្ដ និងផ្សារក្នុងតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន ដើម្បីលុបបំបាត់ចំណតអនាធិបតេយ្យផ្សេងៗ ដែលពុំមានការអនុញ្ញាតិត្រឹមត្រូវ និងធានាឲ្យការអនុវត្តកាតព្វកិច្ចប្រមូលពន្ធ​ស្របតាមច្បាប់។

តាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយ លោក យស ណាស៊ី អភិបាលរងខេត្ត ផ្ញើជូនលោកឧកញ៉ា ដួង ឈីវ អគ្គនាយកក្រុមហ៊ុន ដួង ឈីវ បញ្ជាក់​ដោយឯកភាពថា «បង្កើតចំណតរថយន្ដគ្រប់ប្រភេទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិនឲ្យមានតែមួយកន្លែងគត់ ដើម្បីសម្រួលដល់ការ រៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ឆ្លងកាត់តំបន់ច្រកទ្វារអន្ដរជាតិភ្នំដិន ពិសេសនៅជិតបង្គោលព្រំដែនលេខ ២៧៥ និងទីកន្លែងដទៃទៀត គឺរថយន្ដគ្រប់ប្រភេទដែលទុកដាក់ និងផ្ទេរទំនិញ ត្រូវចូលមកទុកដាក់ និងផ្ទេរទំនិញនៅក្នុងចំណតតំបន់សេដ្ឋកិច្ចពិសេសទៅតាមគំនូសប្លង់ ដែលបានឯកភាពដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»

លិខិតសាលាខេត្តតាកែវដដែលបន្ថែមថា ដោយឯកភាពឲ្យបង្កើតផ្សារលក់ដូរ ដោយប្រមូលផ្ដុំអាជីវករឲ្យមកប្រកបអាជីវកម្មលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឲ្យមានភាព ងាយស្រួលក្នុងការប្រមូលចំណូលជូនរដ្ឋ ជាពិសេសដើម្បីទាក់ទាញ​វិនិយោគិនក្នុងស្រុក និងបរទេសមកចូលរួមវិនិយោគ និងអភិវឌ្ឍន៍ក្នុងតំបន់បន្ថែមទៀត នាពេលអនាគត៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលខេត្តតាកែវ ផ្ញើជូនលោកឧកញ៉ា ដួង ឈីវ៖