(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅ​ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ​អញ្ជើញពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ ក្នុងអាណត្តិទី៤ នៃរដ្ឋបាលឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និងឃុំព្រៃជ្រូក ស្រុកពួក​។

លោក ឃឹម ប៊ុនសុង ​បានគូសបញ្ជាក់នូវ​ចំណុច​គន្លឹះមួយចំនួន គឺបន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពនាថ្ងៃនេះ ទៅកិច្ចការជាចម្បងរបស់ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី គឺត្រូវរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុង​ ដើម្បីកំណត់នូវវិធានចាំបាច់នានា សម្រាប់កិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួន ស្របតាមសេចក្ដីណែនាំលេខ​០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់​ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃ​ក្នុងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។

អភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។ គណនេយ្យភាព និងតម្លាភាព គឺជាកត្ដាដ៏គនឹ្លះនៅក្នុងអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុច្ចរិត និងភាពត្រឹមត្រូវប្រាកដប្រជា នៅក្នុងការអនុវត្ដគម្រោងអភិវឌ្ឍការអនុវត្ដថវិកា និងការចាត់ចែងការងារនានា ដែលធ្វើឡើងដោយក្រុមប្រឹក្សាឃុំ​។

បើតាម​លោក ឃឹម ប៊ុនសុង ក្រុមប្រឹក្សាឃុំ​ត្រូវបន្ដ និងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុម ក្នុង​ចំណោមសមាជិកក្រុមប្រឹក្សាឃុំ​ទាំងអស់ ដើម្បីធ្វើជាតំណាងឲ្យសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងឃុំ-សង្កាត់ និងជំរុញការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

អភិបាលខេត្តសៀមរាប បានស្នើឲ្យសមាជិកក្រុមប្រឹក្សាឃុំថ្មី យកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន៕