(ក្រចេះ)៖ ពិធីប្រកាសចូលកាន់តំណែងរបស់ សមាជិកក្រុមប្រឹក្សាឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ អាណត្តិទី៤ដែលមានលោក ប៉ឹង វិន ជាមេឃុំ បានធ្វើឡើងជាផ្លូវការនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក គង់ គឹមនី អភិបាលស្រុកស្នួល ស្ថិតនៅសាលា ឃុំ២ឆ្នូតែម្តង។

សូមជម្រាបជូនថា ទឹកដីឃុំ២ធ្នូ ក្នុងស្រុកស្នូល ខេត្តក្រចេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថាជាទីចាប់កំណើត នៃចលនាតស៊ូដែល មានឈ្មោះថា «រណសិរ្ស សាមគ្គីសង្គ្រោះជាតិ កម្ពុជា» ដឹកនាំដោយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដួលរលំរបប វាលពិឃាតរហូតមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលរបប ប៉ុល ពត បានដួលរលំទាំងស្រុង។

ទឹកដីកំណើត «រណសិរ្ស២ធ្នូ» គណបក្សប្រជាជនកម្ពុជា នៅតែអាចដណ្ដើមខ្សែក្រវ៉ាត់រាល់ការបោះឆ្នោតម្ដងៗ ពោលគណបក្សប្រឆាំង តាំងពីដើមរៀងមក ដែលចង់ផ្ដួលនៅតំបន់នោះ គឺមិនអាចទៅរួចទេបូកទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាព្រឹកនេះ លោក គង់ គឹមនី បានផ្តាំផ្ញើមេឃុំដែលចូលកាន់តំណែងថា សូមកុំឲ្យធ្វើជាចៅហ្វាយ របស់រាស្រ្ត ត្រូវចាត់ទុកពួកគាត់ជាចៅហ្វាយ របស់យើង។ លោកបានបញ្ជាក់ថា «សូមបម្រើសេវាឲ្យបានលឿន ​ត្រូវជួយផ្ដល់សេវាការ ដោះស្រាយ ជូនពលរដ្ឋរាល់បញ្ហាផ្សេងៗ ឲ្យបានឆាប់រហ័ស ហើយកុំដឹកនាំបែបរើសអើង នាំឲ្យរាស្រ្តក្ដៅក្រហាយ»

សម្រាប់ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យោងតាមលទ្ធផល បានបង្ហាញថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះគណបក្សសង្គ្រោះជាតិរហូតដល់ ៦,៣៦៦សំឡេង ពោលគណបក្សប្រជាជន ទទួលបាន១៧,​៣៧៩សំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន១​១,០១៣។

លទ្ធផលដ៏ជោគជ័យនេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចកាន់កាប់តំណែងជាមេឃុំទាំង៦រួមមាន៖ ឃុំស្វាយជ្រះ, ឃុំឃ្សឹម, ឃុំស្នួល, ឃុំក្រញូងសែនជ័យ (ទើបបង្កើត), ឃុំស្រែចារ និងឃុំ២ធ្នូតែម្ដង។ លទ្ធផលដដែលនេះបង្ហាញទៀតថា ចំនួនប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោត​មាន ៣៧,០២៧ ប៉ុន្ដែអ្នកដែលបានបោះឆ្នោតមានចំនួន ៣៣,០៥៤ ប៉ុន្ដែសន្លឹកឆ្នោតបានការមាន៣​២,១៧៩។​ តាមលទ្ធផលនេះការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនទទួល បាន១៣,៧៧០សំឡេង ខណៈដែល គណបក្សសង្គ្រោះជាតិ ទទួលបាន ៨,៣២០សំឡេង គឺគណបក្សប្រជាជនលើស៥,៤៥០សំឡេង។

ជាមួយនឹងលទ្ធផលបន្តជោគជ័យខាងលើនេះ លោក គង់ គឹមនី អភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្នួល ធ្លាប់បានប្រាប់អង្គភាព Fresh News ថា កត្តាធំៗចំនួន៣ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែអាចដណ្តើមខ្សែក្រវ៉ាត់ សម្រាប់ការបោះឆ្នោតនេះ រួមមាន៖ ទី១-ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរ បានរួមសហការគ្នា និងរួមសាមគ្គីគ្នាបានយ៉ាងល្អ ទី២-ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងទី៣-ផ្តល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស។

ទោះជាលទ្ធផលល្អប្រសើរយ៉ាងនេះក្តី តែលោកនឹងបន្តប្តេជ្ញាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ និងស្វែងរកចំណុច អវិជ្ជមាន បន្តទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។

សូមរម្លឹកថា ២ ធ្នូ ​១៩៧៨ ​គឺ​ជា​ការ​ចាប់​កំណើត ​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​ «រណសិរ្ស​ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»​ ​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​​​វាល​​ពិឃាត​ ​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥​ដល់​១៩៧៩ ក្រោម​ការ​ជួយ​គាំទ្រ​ពី កងទ័ព​វៀតណាម។ នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេចតេជោ ​ហ៊ុន សែន ​តែងតែលើកឡើងថា បើគ្មាន​ ២ ​ធ្នូ ​១៩៧៨ ក៏​មាន​ថ្ងៃ​៧ ​មករា ១៩៧៩ ហើយ​ក៏​គ្មាន​ជំនួប​ សីហនុ-ហ៊ុន​ សែន ឆ្នាំ​១៩៨៧ ហើយ​ក៏​គ្មាន​២៣ ​តុលា ១៩៩១​ដែរ៕