(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង ​សហការជាមួយអាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នៅ​ព្រឹកថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៧នេះ ​បន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ​បាទី ស្ថិតក្នុងក្រុងបាវិត​ សរុបជាង១០០នាក់។

មន្ដ្រីកាំកុងត្រូលបានឲ្យដឹងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់​ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យកបញ្ហានេះជាអាទិភាពទី១ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាប​ចំណេះ​ដឹងអំពី ​សុវត្ថិភាពចំណីអាហារ​ ទូទាំង២៥​រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។

មន្ដ្រីដដែលបន្ថែមថា ការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» ​គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំង​យើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត​។

ចុងបញ្ចប់នៃកម្មវិធី ក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធ ទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន​១២៥​ផ្ទាំង​ផងដែរ៕