(​ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចោទប្រកាន់ពីរនាក់ប្តី-ប្រពន្ធ ជាថៅកែហាងម៉ាស្សាបង្កប់សេវាផ្លូវយីហោ «ឡុងឈានគឺ» ពីបទសញ្ចារកម្ម។

ជនសង្ស័យទាំងពីរនាក់ប្ដី-ប្រពន្ធខាងលើនេះឈ្មោះ Peter Tam (ជាប្តី) អាយុ៦២ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ ង្វៀង ធីគីមធី ហៅសួយ (ជាប្រពន្ធ) អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម។ ក្រោយពីតំណាងអយ្យការចោទប្រកាន់ហើយ សំណុំរឿងនេះ បានចាត់ទៅចៅក្រមស៊ើប ដើម្បីសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យពីនាក់ប្តី-ប្រពន្ធនោះ។

គួរបញ្ជាក់ថា ហាង​ម៉ាស្សាមួយ​កន្លែង ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិនមាន​​យីហោ​ «​ឡុ​ង​ឈាន​គឺ» ​ស្ថិត​នៅផ្ទះ​លេខ​១០​អា ក្រុម​ទី​៣០ ផ្លូវ​៣១៥ ភូមិ​៨ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ត្រូវ​បាន​កម្លាំង​​នគរបាល ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ស្នងការ​រាជធានី​ភ្នំពេញ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​បាន​ស្រី​១២​នាក់ ​ដោយ​ជាប់​ពាក់ព័ន្ធ​ ទៅ​នឹង​ករណី​ប្រព្រឹត្តសញ្ចា​កម្ម កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី០​១ ខែកក្កដា ឆ្នាំ​២០១៧។

ប្រត្តិបត្តិការ​ឆែកឆេរ​ហាង​ម៉ាស្សា​ខាងលើ ​បានឃាត់ខ្លួន​ថៅកែ​ប្រុស​ជនជាតិ​ចិន​ម្នាក់ មេការ​ស្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​ស្ត្រី​បំរើសេវា​ម៉ាស្សា​១០​នាក់ សរុប​ទាំងអស់​១២​នាក់ និងស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន។

ប្រភពពីសមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​ស៊ើបអង្កេត​ឃើញ​ទីតាំង​ខាងលើ ​បាន​ប្រព្រឹត្ត​អំពើ​សញ្ចា​កម្ម បើក​បម្រើសេវា​ផ្លូវភេទ​ ទើប​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង ​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង៕