(កំពង់ធំ)៖ លោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្កកំពង់ធំ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវបង្កើនសកម្មភាពប​​ង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែខ្លាំង ព្រមទាំងប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន២លានរៀលថែមទៀតផង ដល់សមត្ថកិច្ចស្រុកក្រុងណា ដែលបានបង្ក្រាបបទល្មើសមួយនេះបានច្រើនជាងគេ។​

ការបញ្ជាខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយនគរបាលមន្ត្រីយុត្តិធម៌ ស្ដីពីការបូកសរុបលទ្ធផលអនុវត្តន៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ និងលើកទិសដៅការងារអនុវត្តន៍បន្ដ ដោយដោយមានការចូលរួមពី លោក អ៊ុក កុសល ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត  នគរបាលមកពីបណ្ដាស្រុកក្នុងខេត្តកំពង់ធំ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការគ្នា បង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ព្រោះគ្រឿងញៀន ធ្វើឲ្យគ្រោះថ្នាក់បំផុតដល់សង្គមជាតិ និងក្រុមគ្រួសារ, គ្រឿងញៀនបានបំផ្លាញទ្រព្យសម្បត្តិ ក្នុងសាច់ញាតិក្រុមគ្រួសារ ថែមទាំងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ មិនតែប៉ុណ្ណោះគ្រឿងញៀន បានកើតជាអំពើហិង្សា ចោរលួច ចោរប្លន់ និងអំពើឃាតកម្មជាដើម ដូច្នេះកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្នាន គ្រប់ភូមិឃុំ ស្រុក ដើម្បីបង្រ្កាបបទល្មើសទាំងនេះឲ្យអស់។

លោក អិត សុធា បានបញ្ចាក់ថា «ក្រុង ឬស្រុកណាបង្រ្កាបបទល្មើសគ្រឿងញៀន បានច្រើនជាងគេ ខ្ញុំនឹងលើកទឹកចិត្តប្រគល់រង្វាន់២លានរៀល និងសម្ភារផ្សេងៗទៀត។ ខ្ញុំក៏សុំឲ្យកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ចូលរួមសហការគ្នាបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និង មានការចោទសួរនិងឆ្លើយពីសមត្ថកិច្ច ស្ដីពីការបង្រ្កាប និងមិនបង្រ្កាប ហេតុអ្វីបានជាមិនបង្រ្កាបបទល្មើស បែរជាឲ្យអ្នកមិនមែននៅក្នុងមូលដ្ឋានមកបង្រ្កាបទៅវិញ និង មូលហេតុអ្វឺដែលឈានទៅដល់ការបង្រ្កាប បានដោយជោគជ័យ និងមិនជោគជ័យ ដូច្នេះប្រសិនបើកិច្ចការដោះស្រាយមិនចេញ ត្រូវរាយការណ៍មកថ្នាក់លើជួយដោះស្រាយដើម្បីបន្ដការបង្រ្កាបបទល្មើសគ្រឿងញៀន ឲ្យអស់ពីទឹកដីខេត្តកំពង់ធំ»