(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្កើនកិច្ចសហការស្រាវជ្រាវ រកមេក្លោងដែលនាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដើម្បីចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ស្របតាម ច្បាប់ជាធរមាន។ នេះបើយោងតាមលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលពាក់ព័ន្ធអាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកកំណើតវិញ។

នៅក្នុងលិខិតចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវកោះប្រជុំជាបន្ទាន់ គណៈបញ្ជាការឯកភាពខេត្តរួមជាមួយប្រធានអង្គភាព ប្រចាំទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារនានា តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ភ្នាប់ងារមានសមត្ថកិច្ចទាំងអស់នៅតាមទីស្នាក់ការ​ត្រួតពិនិត្យនានា ក្នុងការសម្រួកគាំទ្រដល់ពលករខ្មែរដែលត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក៏ដូចជាពលករខ្មែរស្របច្បាប់ ដែលចេញចូលឆ្លងកាត់ព្រំដែន ប្រកបដោយតម្លាភាព និងមិនត្រូវសកម្មភាពណាមួយ ដែលប៉ះពាល់ដល់សិទ្ធ និងផលប្រយោជន៍ បងប្អូនពលករដាច់ខាត»

សម្ដេច ស ខេង បន្តទៀតថា ត្រូវប្រគល់ភារកិច្ចដល់ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ឲ្យសហការទទួលខុសត្រូវដោយផ្ទាល់ ក្នុងការសម្របសម្រួលទទួលពលករខ្មែរ ដែលភាគីថៃបញ្ជូនមកកម្ពុជាវិញ។

ទន្ទឹមនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ត្រូវពង្រឹងតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន និងប្រធានអង្គភាព តាមច្រករប្រៀងនានា ក្នុងការគ្រប់គ្រងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដោយខិតខំជួយសម្រួលគាំទ្រដល់ ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រលប់មកកម្ពុជាវិញ។

បើតាមការណែនាំរបស់សម្ដេចក្រឡាហោម  ច្រកចេញចូលឆ្លងកាត់ព្រំដែន របស់ពលករស្របច្បាប់និងត្រូវខិតខំបង្កើនការគ្រប់គ្រង ការចេញចូល ឆ្លងកាត់ព្រំដែន និងលើកកម្ពស់ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ តាមច្រកទ្វារព្រំដែន និងច្រករបៀងនានា ក្នុងសាស្រ្ដខេត្តនីមួយៗឲ្យបានល្អ៕