(ភ្នំពេញ)៖ លោក គី តិច​ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ពុំបានបញ្ជូនមនុស្សឲ្យទៅបញ្ចុះបញ្ចូល លោក គឹម សុខ នៅក្នុងពន្ធនាគារ ដូចការលើកឡើងរបស់ជនត្រូវចោទរូបនេះឡើយ។

ការអះអាងរបស់ លោក គី តិច បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅតុលាការកំពូលនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការប្រកាសសាលដីកា ពាក់ព័ន្ធសំណុំរឿងមុនអង្គសេចក្តីចំនួនពីររបស់លោក គឹម សុខ ដែលក្នុងនោះមានករណី លោក គឹម សុខ ប្តឹងជំទាស់នឹងដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការ បំពេញកិច្ចជួបសួរតទល់ជាមួយដើមបណ្តឹង។

លោក គី តិច បានបន្ថែមទៀតថា ការលើកឡើងថា សម្តេចតេជោ ហ៊ុន សែនបញ្ជូនមនុស្សឲ្យទៅបញ្ចុះបញ្ចូល លោក គឹម សុខ នៅក្នុងពន្ធនាគារនោះ គឺជាការចោទប្រកាន់ដោយមិនមូលដ្ឋាន ហើយកន្លងទៅ ខាងពន្ធនាគារក៏បានបដិសេធចំពោះការលើកឡើងនេះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីចេញពីសវនាការនៅសាលាឧទ្ធរណ៍ លោក គឹម សុខ បានស្រែកប្រាប់ក្រុមអ្នកសារព័ត៌មានថា មានគេឲ្យលោកសរសេរលិខិតសុំទោសជាថ្នូរនៅក្រៅឃុំ ហើយនិយាយថា លោកបានស្នើឲ្យ សម្តេចតេជោ ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅក្នុងពន្ធនាគារ និងគំរាមលោកដាក់ក្នុងគុកងងឹតតទៅទៀត។

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ដែលថា «សម្តេចតេជោ ហ៊ុន សែន ចាត់មនុស្សទៅលួងលោម និងបញ្ចុះបញ្ចូលរូបគេ ឬគំរាមរូបគេ» នោះ គឺជាចេតនាវាយប្រហារលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ អគ្គនាយកដ្ឋាននេះ បានអះអាងថា ការលើកឡើងបែបនោះ គឺខុសពីការពិតទាំងស្រុង។ នេះបើតាមលិខិតបំភ្លឺរបស់ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

គួររម្លឹកថា លោក គឹម សុខ ដែលអះអាងថា ខ្លួនជាអ្នកវិភាគនយោបាយ និងសង្គម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីមេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ។

ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោក កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕