(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកស្រី សូ សុគន្ធារី រួមសប្បុរសជន និមន្តព្រះសង្សទទួលទានវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តចំនួន៤វត្ត ក្នុងស្រុកសំរោងទង ខេត្តកំពងស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

វត្តដែលទទួលទានវស្សាទាំង៤វត្តនោះ រួមមាន ទី១៖ វត្តចំបក់ពោធិពាន់ ទី២៖ វត្តពុទ្ធមណ្ឌលសីហនុរាជ ហៅវត្តចំបក់ខាងកើត ទី៣៖ វត្តពោធិមង្គល ហៅវត្តសាឡូង និងទី៤៖ វត្តអង្គរយៀប ហើយទានវស្សា និងទេយ្យទាន ដែលត្រូវប្រគេនព្រះសង្ឃទាំង៤វត្តក្នុងនោះ វត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ រួមនិងទេយ្យទានជាច្រើនមុខទៀត។

លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ បានថ្លែងថា «ប្រពៃណីដ៏ផូរផង់ របស់ប្រជាជាតិខ្មែរយើង ដែលជានិច្ចកាលវិស័យអាណាចក្រ តែងតែបានផ្សារភ្ជាប់ជាមួយ នឹងវិស័យពុទ្ធចក្រ គឺព្រះពុទ្ធសាសនានេះឯង ជាពិសេសការធ្វើបុណ្យទាន តួយ៉ាងនៅក្នុងរដូវបុណ្យចូលព្រះវស្សានេះតែម្ដង ដែលព្រះសង្ឃត្រូវ គង់ចាំព្រះវស្សានៅក្នុងវត្ត មិនអាចចេញទៅបិណ្ឌបាត្រនៅក្រៅវត្តបាន ព្រោះមានភ្លៀងធ្លាក់ខ្លាំង ហើយពឹងទៅលើពុទ្ធបរិស័ទ្ធយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ក្នុងរយៈពេល៣ខែពេញ»

លោក នរ រតនៈវឌ្ឍនោ បានបន្តថា ដោយប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនានេះហើយ ទើបពេលនេះ ក្រុមគ្រួសារលោក និងសប្បុរសជនបាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង៤ខាងលើនោះ។

នៅក្នុងឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងធម្មការ បានលើកឡើងអំពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងធម្មការ ក្រោមការដឹកនាំរបស់លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មាការ និងសាសនា ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា តួយ៉ាងនៅថ្ងៃនេះ ក្នុងនាមក្រសួងធម្មការ ក្រុមការងារ ក៏បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយ ចំនួនមកប្រគេនដល់វត្តចំនួន៤ ដែលព្រះសង្ឃត្រូវគង់នៅក្នុងវត្តក្នុងរយៈពេលចូលព្រះវស្សានេះ។

ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្ត របស់លោករដ្ឋលេខាធិការ រួមនិសប្បុរសជន ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ
មួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង៤ ដែលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួង ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ៕