(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសម្រេចបង្កើតបណ្ដាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវលើវិស័យទេសចរណ៍ និងទីក្រុងស្អាត ដែលដើរតួនាទីសិក្សា ពីនិន្នាការទេសចរណ៍ថ្មីៗក្នុងតំបន់ និងសកលលោក និងការអនុវត្តល្អៗដែលប្រទេសនានា សម្រេចបានក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីប្រមូលធាតុចូលល្អៗ យកមកអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅកម្ពុជា។

ការសម្រេចបង្កើតក្រុមការងារជំនាញនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការបង្កើតបណ្ដាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ និងពិគ្រោះយោបល់លើនីតិវិធី ស្ដីពីការប្រឡងប្រណាំងសរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីសិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ សាស្រ្តាចារ្យ តំណាងគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលជំនាញ ទេសចរណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិការទេសចរណ៍ សមាគមទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ១៥០នាក់ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ សំដៅបង្កើតបណ្ដាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវទេសចរណ៍ និងទីក្រុងស្អាត ដែលនឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសិក្សាអំពីនិន្នាការទេសចរណ៍ថ្មីៗក្នុងតំបន់ និងសកលលោក និងការអនុវត្តល្អៗកន្លងមក ដែលប្រទេសនានាសម្រេចបានក្នុង ការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ និងធ្វើការសិក្សាវិភាគ លើលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានមកពីក្រុមបច្ចេកទេសស្រាវជ្រាវ រីឯកជន ដើម្បីចូលរួមបង្កើត តាមដាន វាយតម្លៃការអនុវត្ត និងកែលម្អយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ព្រមទាំងសហការជាមួយដៃគូសិក្សាស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកការស្រាវជ្រាវ និងការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជា ឲ្យបានទូលំទូលាយ ជាពិសេស ពិភាក្សាលើនីតិវិធីស្ដីពី ការប្រឡងប្រណាំងសរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ សំដៅទទួលបានធាតុ បញ្ចូលថ្មី ដើម្បីធ្វើឲ្យនីតិវិធីនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់វាយតម្លៃអត្ថបទស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍។

ជាលទ្ធផលអង្គប្រជុំបានចេញនូវសេចក្ដីថ្លែងការណ៍មួយចំនួន រួមមាន៖

១៖ វាយតម្លៃខ្ពស់អំពីកំណើនឥតឈប់ឈរនៃចំនួនទេសចរមកទស្សនាកម្ពុជា និងកត់សម្គាល់ពីតួនាទីនៃវិស័យទេសចរណ៍នៅក្នុង ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិក្នុងនោះ អង្គប្រជុំបានឯកភាព និងប្ដេជ្ញារួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាពទទួលខុសត្រូវ និងបរិយាប័ន្ន។

២៖ កត់សម្គាល់ពីសារៈសំខាន់នៃការចូលរួមពីភាគីពាក់ព័ន្ធ នៅក្នុងដំណើរការនៃការអភិវឌ្ឍទេសចរណ៍ ដោយបានឯកភាពបង្កើត បណ្ដាញអ្នកជំនាញទេសចរណ៍ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ដែលបណ្ដាញនេះ មានតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងផ្ដល់ទស្សនទាន របកគំហើញ និងគំនិតផ្ដួចផ្ដើមថ្មីៗ ដែលជាធាតុចូលសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ ស្របតតាមនិន្នាការវិវត្តថ្មីៗនៃទេសចរណ៍ សកលលោក។

៣៖ ឯកភាពលើការរៀបចំឲ្យមានការជួបជុំបណ្ដាញអ្នកជំនាញ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍រៀងរាល់ ៦ខែម្ដង ដើម្បីពិភាក្សា និងចែករំលែកព័ត៌មានថ្មីទាក់ទងទៅនឹងនិន្នាការទេសចរណ៍ និងទស្សនទានថ្មីៗ សម្រាប់យកទៅបន្តចែករំលែកដល់សិស្ស-និស្សិត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។

៤៖ គាំទ្រលើកការរៀបចំវេទិកាជាតិទេសចរណ៍ប្រចាំឆ្នាំ ដែលតាមរយៈវេទិកាជាតិទេសចរណ៍នេះ វានឹងក្លាយជាទីណាត់ជួបមួយសម្រាប់ ចែករំលែក និងចងបណ្ដាញរវាងសិស្ស-និស្សិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ គ្រឹះស្ថានអប់រំនិងបណ្ដុះបណ្ដាលជំនាញ ទេសចរណ៍ សាលាបណ្ដុះបណ្ដាវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏ដូចជាពិភាក្សារកឲ្យឃើញបណ្ហានិង ដំណោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដែលរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍទេសចរណ៍។

៥៖ ឯកភាពលើការរៀបចំនីតិវិធីស្ដីពី ការប្រឡងប្រណាំងសរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ និងបានគាំទ្រនិងជំរុញឲ្យមានការចូលរួម ប្រឡងប្រណាំងសរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ ដោយបានឯកភាពចូលរួមសហការក្នុងដំណើរការ រៀបចំការប្រឡងប្រណាំង រៀងរាល់ឆ្នាំ។

៦៖ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ដែលបានជំរុញ និងផ្ដួចផ្ដើមគំនិតផ្សេងៗ សំដៅជំរុញឲ្យមាន ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏មានការរៀបចំតាំងបង្ហាញសេវាកម្ម កម្ចីនិស្សិត ក្នុងវិស័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលមានការចូលរួមពីសំណាក់ គ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់កម្ចីនិស្សិត ក្នុងវិស័យទេសចរណ៍ និងគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច សរុប ៥ស្ថាប័ន។

បើតាមប្រកាសរបស់ក្រសួងទេសចរណ៍ ត្រង់ប្រការ១ បានបញ្ញត្តិថា ការគ្រប់គ្រង និងទទួលស្គាល់សាលាបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍ មានគោលដៅអភិវឌ្ឍ និងពង្រឹងប្រព័ន្ធ និងគុណភាពអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីកសាងសមត្ថភាពអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា តំបន់ និងសកលលោក។  

គួរកត់សម្គាល់ថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.៣លាននាក់ កើនឡើង១២%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ជាមួយចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៥,០០០លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណ ១លាននាក់៕