(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំជាផ្លូវការពាក់ព័ន្ធ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីអាជ្ញាធរថៃរកឃើញពលករខ្មែរទាំងនោះ ពុំមាន​ឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ​។

យោងតាមលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយភាគីថៃ ត្រូវជួបប្រជុំជា បន្ទាន់ស្ដីពីការផ្លាស់ប្ដូរព័ត៌មាន នៃការចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកកម្ពុជាវិញ ដោយស្នើឲ្យភាគីថៃយកចិត្តទុកដាក់ លើការដឹកជញ្ជូន ការគោរពសិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និងស្បៀងអាហារ ឲ្យបានសមស្រប។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចសហការស្រាវជ្រាវ តាមរកចាប់ខ្លួនមេក្លោងដែល នាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដើម្បីចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ស្រប់តាមច្បាប់ជាធរមាន។

សូមអានខ្លឹមសារលម្អិត ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ជូនអភិបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ដូចខាងក្រោមនេះ៖