`(ភ្នំពេញ)៖ ក្រោយមានបញ្ជាដ៏តឹងរឹងរបស់ អភិបាលរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះគណៈកម្មការចម្រុះ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅបិទទីតាំងសិប្បកម្មផលិតទឹកកកដើម ស្ថិតនៅមុខផ្សារ PC តាមបណ្ដាយផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីទីតាំងសិប្បកម្មផលិតទឹកកកដើមនេះ ធ្លាយសារធាតុអាម៉ូញ៉ាក់ជាលើកទី២​ កាលពីព្រឹកព្រលឹមថ្ងៃទី០៣ ខែកក្កដា បង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋនៅក្បែរខាង សិស្សសាលាតូចៗ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

សមាសភាពក្រុមការងារចុះទៅបិទសិប្បកម្មផលិតទឹកកកដើម ដែលមានម្ចាស់ទីតាំងគឺ អ្នកស្រី អ៊ុក ណាវី រួមមានអនុប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម, អនុប្រធានការិយាល័យមន្ទីរបរិស្ថានរាជធានីភ្នំពេញ, មេបញ្ជាការរងអាវុធហត្ថខណ្ឌមានជ័យ, ចៅសង្កាត់ ចាក់អង្រែលើ, អធិការរង, ក្រឡាបញ្ជី, នាយនគរបាលប៉ុស្ដិ៍ និងមេភូមិផងដែរ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយមានបញ្ជាឲ្យបង្កើតគណៈកម្មការចម្រុះរបស់លោក អភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះយើងចុះមកបិទសិប្បកម្ម ជាលើកទី២ ហើយពេលម្ចាស់ទីតាំងបង្ហាញវត្តមាន នៅពេលណា អាជ្ញាធរនិងសមត្ថកិច្ចនឹងធ្វើការ ឃាត់ខ្លួនភ្លាម»

សូមបញ្ជាក់ថា ទីតាំងសិប្បកម្មផលិតទឹកកកមួយនេះ ធ្លាប់ធ្លាយសារធាតុអាម៉ូញ៉ាក់រួមមកហើយ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយពេលនេះ អាជ្ញាធរក៏បានចុះបិទ ប៉ុន្ដែម្ចាស់ទីតាំងក្រោយពេលចេញពីតុលាការ ក៏លួចបើកឡើងវិញតែម្ដង។

ស្ដ្រីឈ្មោះ អ៊ុក ណាវី និងអ្នកមើលការខុសត្រូវនៅរោងសិប្បកម្មផលិតទឹកកកមួយនេះ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅ តុលាការ រហូតមានការឃុំខ្លួន ប៉ុន្ដែពេលចេញពីតុលាការមកវិញក៏លួចបើកអាជីវកម្មសារជាថ្មីតែម្ដង។ សម្រាប់ប្រតិបត្តិការ អន្ដរាគមន៍ ករណីធ្លាយឧស្ម័នអាម៉ូញ៉ាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដពន្លត់អគ្គិភ័យជិត១០គ្រឿង។

​សូមជម្រាបថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់​សុខភាព ដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង៕