(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិតាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរផងនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង​ ប៊ុន​ហៀង និងលោកស្រី ប៉ែន ចាន្នី បុត្រាបុត្រី ព្រមទាំងសហការី បានរៀបចំបុណ្យវេរ​ទៀនចំណាំព្រះវស្សា ប្រគេន​ដល់ព្រះសង្ឃ ដែលគង់ចាំ​ព្រះវស្សា​អស់កាលត្រីមាស ក្នុងពុទ្ធសីមា៥២វត្ត និង០២អាស្រម ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ។

ការប្រគេនទៀនវស្សាទាំង៥២វត្ត របស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងភរិយានេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដោយក្នុងនោះមាន៖ វត្តក្នុងរាជធានីភ្នំពេញន៣វត្ត ខេត្តកណ្ដាល ក្នុងស្រុកកណ្តាលស្ទឹង៣៤វត្ត និង២អាស្រម, ខេត្តកំពង់ស្ពឺ៣វត្ត និងខេត្តតាកែវ២វត្ត ដោយក្នុង១វត្តៗប្រគេនទៀនព្រះវស្សា១គូ អង្ករ២០០គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកក្រូច ទឹកដោះគោ ប៊ីចេង តែស្ករស និងបច្ច័យ១លាន៥០ម៉ឺនរៀល ដោយឡែកវត្តលង្កាវត្តស្រះចក និងវត្តនន្ទមុន្នីក្នុង១វត្ត បច្ច័យកសាង២លានរៀល។

ក្នុងឱកាសនោះដែរ លោក ហ៊ីង​ ប៊ុន​ហៀង បានអញ្ជើញសំណេះសំណាល​ ជាមួយប្រជាពលរដ្ឋ និង​បានពាំនាំនូ​វប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

នាយឧត្តមសេនីយ៍ បានសំដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋ និងសមាជិកសមាជិការបក្សទាំងអស់ ដែលបានគាំទ្របោះឆ្នោត ជូនគណះបក្សប្រជាជនកម្ពុជា។ ឆ្លើយតបសំណូមពរ របស់ប្រជាកសិករលើការងារបង្កបង្កើនផលស្រូវ នាយឧត្តមសេនីយ៍ នឹងជួយផ្ដល់ម៉ាស៊ីនបូមទឹកអន្តរាគមន៍របស់សម្ដេចតេជោ ហ៊ុន សែន តាមតម្រូវការក្នុងមូលដ្ឋាន។

នាយឧត្តមសនីយ៍ ហ៉ីង ប៊ុនហៀង បានលើកឡើងថា បច្ចុប្បន្ននេះយើងអាចធ្វើដំណើរកំសាន្ត​ និងធ្វើបុណ្យទានបានគ្រប់ទីកន្លែង ទូទាំងប្រទេសដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ស្ពានអាកាសស្ពាន ឆ្លងទន្លេផ្លូវលំជនបទខ្វាត់ខ្វែង និងសមិទ្ធផលនានាជាច្រើន ហើយប្រជាជនយើង មានជីវភាពរស់នៅល្អប្រសើរ។
នាយឧត្តមសេនីយ៍ បញ្ជាក់ទៀតថា កត្តាសុខសន្តិភាពមានសារៈសំខាន់ណាស់ សំរាប់ជម្រុញនូវការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យឆាប់បានរីកចំរើន ប្រទេសជាតិយើងប្រសិនបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះដែរ។ ដូចនេះសូមបងប្អូនយើងជួយ ថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាព
ឱ្យបានគង់វង្ស យើងទាំងអស់គ្នាត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៍ដោយ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ហ៊ីង​ ប៊ុន​ហៀង និងលោកជំទាវ បាននាំយកអំណោយដ៍ថ្លៃថ្លា​ ​សម្ដេចតេជោ​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូនលោកតាជីយាយជីម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀលផងដែរ៕