(ភ្នំពេញ)៖ នៅទីបំផុតតុលាការកំពូល បានសម្រេចបដិសេធច្រានចោលការប្តឹងជំទាស់សុំនៅក្រៅឃុំរបស់លោក គឹម សុខ នៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះ ដោយរក្សាតម្កល់ការ សម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។

តុលាការកំពូល ក៏បានបដិសេធការតវ៉ាប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបំពេញកិច្ចជួបជាមួយដើមបណ្តឹង ដោយតម្កល់ការសម្រេចរបស់សាលាដំបូងទុកជាបានការដដែល។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ តុលាការកំពូល បានប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួនពីររបស់លោក គឹម សុខ។ សំណុំរឿង២នោះរួមមានករណី លោក គឹម សុខ ប្តឹងជំទាស់នឹងដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការ បំពេញកិច្ចជួបសួរតទល់ជាមួយដើមបណ្តឹង។ នេះបើតាម លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង។

លោក គឹម សុខ ដែលអះអាងថា ខ្លួនជាអ្នកវិភាគនយោបាយ និងសង្គម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីមេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោក កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕