(ភ្នំពេញ)៖ លោក កូជិ កានហ្សាគិ អតីតប្រធានសមាគមជនជាតិជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងជាស្ថាបនិក នៃសហគមន៍ផ្តល់អាហាររូបករណ៍ BASSAC បានទទួលគ្រឿងឥស្សរិយយស «The Order Of The Rising Sun Gold and Sliver Ray» លើស្នាដៃជំរុញការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។

ពិធីទទួលគ្រឿងឥស្សរិយយស «The Order Of The Rising Sun Gold and Sliver Ray» ដែលរាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជូនស្ថាបនិកឆ្នើមរូបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមនិងមន្រ្តីជាន់ខ្បស់ទូតជប៉ុន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងពីធីអបអរសាទរនោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងសាទរដល់លោក កូជិ កានហ្សាគិ ទទួលបានគ្រឿងឥស្សរិយយស «The Order Of The Rising Sun Gold and Sliver Ray» លើស្នាដៃជំរុញការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបញ្ជាក់ថា ក្នុងរយៈពេលច្រើនឆ្នាំ ចាប់ពីឆ្នាំ១៩៦០ មុនសង្រ្គាមស៊ីវិលនៅកម្ពុជា ក្នុងអាជីពរបស់គាត់ លោក កូជិ កានហ្សាគិ បានចូលរួមចំណែកក្នុងការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា លោកក៏បានខិតខំប្រឹងប្រែងផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជា ការសាងសង់សាលារៀន និងសកម្មភាពដាំដើមឈើ។ ក្នុងនោះលោកក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គមជនជាតិជប៉ុន ដូចជាបានធ្វើជាប្រធានសមាគមជនជាត់ជប៉ុន និងជួយសង្រ្គោះបន្ទាន់ដល់ជនជាតិជប៉ុន ក្នុងការប៉ះទង្គិចរវាងបក្សនយោបាយធំៗកាលពីឆ្នាំ១៩៩៧។ តាមរយៈនេះ ការចូលរួមចំណែកក្នុងការជំរុញការយល់ដឹងពីគ្នាទៅវិញទៅមករវាងជប៉ុន និងកម្ពុជាជាច្រើនបែបនេះទើបធ្វើឲ្យលោកទទួលបានមេដាយនេះ។

ជាមួយគ្នានោះ លោក កូជិ កានហ្សាគិ ម្ចាស់គ្រឿងឥស្សរិយយស «The Order Of The Rising Sun Gold and Sliver Ray» លើកឡើងថា លោកមិននឹកស្មានថា លោកទទួលបានគ្រឿងឥស្សរិយយស ដ៏ឆ្នើមនេះពីរដ្ឋាភិបាលជប៉ុននោះទេ។ លោកថាសកម្មភាពការងារកន្លងមករបស់លោក ដែលជួយដល់ប្រជាជនកម្ពុជា គឺដើម្បីប្រជាជនកម្ពុជា ទោះបីនឿយហត់យ៉ាងណាក៏ដោយ។

ម្ចាស់គ្រឿងឥស្សរិយយសដែលមានវ័យ៧៣ឆ្នាំរូបនេះ បានបន្ថែមថា លោកបានចំណាយពេលស្ទើរពេញមួយជីវិតហើយ ដើម្បីជួយដល់កម្ពុជា ហើយលោកថា នៅជីវិតចុងក្រោយរបស់លោក គឺលោកនៅតែចង់ជួយដល់កម្ពុជាដដែល ទោះលោកត្រូវលំបាក និងគ្មានថ្ងៃឈប់សម្រាក។

លោក កូជិ កានហ្សាគិ បានដើរតួនាទីយ៉ាងសំខាន់ទាំងនៅជប៉ុន និងកម្ពុជា ក្នុងរយៈពេលយូរឆ្នាំ ក្រៅពីនោះ លោក ក៏បានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ហើយក៏បានធ្វើការពង្រឹងការអប់រំ វប្បធម៌ និងបរិស្ថាននៃប្រទេសកម្ពុជា ដូចជាការដាំដើមឈើ ការផ្តល់អាហារូបករណ៍ដល់កុមារ ដែលមិនមាន លទ្ធភាពទៅសាលារៀន ដោយសារស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងការជួយសាងសង់សាលារៀន តាមរយៈសកម្មភាព Lions Club ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០១៧ ចំនួន៤០៨០រូប ដែលមានស្នាដៃដ៏ឆ្នើមសម្រាប់សង្គម ផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ៕